យ៉ូស្វេ 3:4-10 KHOV

4 តែ​ត្រូវ​ដើរ​ឃ្លាត​ពី​ហឹប​នោះ ចំនួន​ប្រហែល​ជា​២​ពាន់​ហត្ថ កុំ​ឲ្យ​ចូល​ទៅ​ជិត​ឡើយ ដើម្បី​ឲ្យ​ឯង​បាន​ស្គាល់​ផ្លូវ ដែល​ត្រូវ​ដើរ ដ្បិត​តាំង​តែ​ពី​មុន​មក ឯង​រាល់​គ្នា​មិន​ដែល​ដើរ​តាម​ផ្លូវ​នេះ​ទេ

5 យ៉ូស្វេ​ក៏​ប្រាប់​បណ្តា‌ជន​ថា ចូរ​ឯង​រាល់​គ្នា​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ចុះ ពី​ព្រោះ​ថ្ងៃ​ស្អែក ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ការ​អស្ចារ្យ​នៅ​ក្នុង​ពួក​ឯង

6 រួច​លោក​ប្រាប់​ដល់​ពួក​សង្ឃ​ថា ចូរ​លើក​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​នាំ​ទៅ​ឯ​មុខ​បណ្តា‌ជន​ទៅ នោះ​គេ​ក៏​លើក​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​សែង​នាំ​មុខ​បណ្តា‌ជន​ទៅ។

7 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​យ៉ូស្វេ​ថា នៅ​ថ្ងៃ​នេះ អញ​នឹង​ចាប់​តាំង​លើក​ដំកើង​ឯង នៅ​មុខ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​គេ​ដឹង​ថា អញ​នៅ​ជា​មួយ​នឹង​ឯង ដូច​ជា​បាន​នៅ​ជា​មួយ​នឹង​ម៉ូសេ​ដែរ

8 ត្រូវ​ឲ្យ​ឯង​បង្គាប់​ដល់​ពួក​សង្ឃ ដែល​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា ថា​កាល​ណា​ទៅ​ដល់​មាត់​ទឹក​ទន្លេ​យ័រដាន់​ហើយ នោះ​ត្រូវ​ចុះ​ទៅ​ឈរ​នៅ​ក្នុង​ទឹក​នោះ​ទៅ។

9 យ៉ូស្វេ​ក៏​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា ចូរ​ឯង​រាល់​គ្នា​មក​ឯ​នេះ ដើម្បី​នឹង​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង

10 រួច​លោក​ប្រាប់​ថា ឯង​រាល់​គ្នា​នឹង​ដឹង​ដោយ‌សារ​សេចក្ដី​នេះ​ថា ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ទ្រង់​គង់​នៅ​ក្នុង​ពួក​ឯង ហើយ​ថា ទ្រង់​នឹង​បណ្តេញ​សាសន៍​កាណាន សាសន៍​ហេត សាសន៍​ហេវី សាសន៍​ពេរិស៊ីត សាសន៍​គើកាស៊ី សាសន៍​អាម៉ូរី និង​សាសន៍​យេប៊ូស​ចេញ​ពី​មុខ​ឯង​រាល់​គ្នា​ទៅ​ជា​មិន​ខាន