10 ឯពួកសង្ឃ ជាអ្នកសែងហឹប គេឈរនៅកណ្តាលទន្លេយ័រដាន់នោះ ដរាបដល់គ្រប់ការ ដែលព្រះយេហូវ៉ាបានបង្គាប់ដល់យ៉ូស្វេ ឲ្យប្រាប់ដល់បណ្តាជនបានសំរេច ជាការដែលត្រូវនឹងគ្រប់ទាំងសេចក្ដី ដែលលោកម៉ូសេបានបង្គាប់មកយ៉ូស្វេដែរ ឯពួកជនទាំងឡាយ គេក៏នាំគ្នាឆ្លងទៅដោយប្រញាប់ប្រញាល់
11 កាលពួកជនបានឆ្លងទៅផុតហើយ នោះហឹបនៃព្រះយេហូវ៉ា និងពួកសង្ឃ ក៏ឆ្លងទៅនៅចំពោះមុខគេ
12 ឯពួកកូនចៅរូបេន និងពួកកូនចៅកាឌ់ ហើយពូជអំបូរម៉ាន៉ាសេ១ចំហៀង ក៏ឆ្លងទៅនៅមុខពួកកូនចៅអ៊ីស្រាអែល ទាំងមានគ្រឿងសស្ត្រាវុធពាក់ស្រាប់ ដូចជាម៉ូសេបានប្រាប់
13 គឺមានចំនួនប្រហែលជា៤ម៉ឺននាក់ ដែលសុទ្ធតែពាក់គ្រឿងសស្ត្រាវុធរៀបចំនឹងច្បាំង គេឆ្លងនៅចំពោះព្រះយេហូវ៉ា ទៅដល់វាលក្រុងយេរីខូរ
14 នៅថ្ងៃនោះឯង ព្រះយេហូវ៉ាទ្រង់បានលើកដំកើងយ៉ូស្វេ នៅចំពោះភ្នែកនៃពួកអ៊ីស្រាអែលទាំងអស់គ្នា ហើយគេក៏កោតខ្លាចដល់លោក ដូចជាបានកោតខ្លាចដល់លោកម៉ូសេដែរ នៅអស់១ជីវិតរបស់លោក។
15 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងយ៉ូស្វេថា
16 ចូរបង្គាប់ដល់ពួកសង្ឃ ដែលសែងហឹបនៃសេចក្ដីបន្ទាល់ ឲ្យឡើងពីទន្លេយ័រដាន់មក