4 នោះយ៉ូស្វេក៏ហៅមនុស្ស១២នាក់ មកពីពួកកូនចៅអ៊ីស្រាអែលដែលគាត់បានដំរូវជាមុន គឺម្នាក់ពីពូជអំបូរមួយៗ
5 ប្រាប់គេថា ចូរដើរទៅខាងមុខហឹបផងព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដល់កណ្តាលទន្លេយ័រដាន់ ហើយយកថ្ម១ដុំម្នាក់គ្រប់គ្នាលីទៅ តាមចំនួនពូជអំបូរពួកកូនចៅអ៊ីស្រាអែល
6 ដើម្បីឲ្យបានទុកជាទីសំគាល់ នៅក្នុងពួកឯងរាល់គ្នា ប្រយោជន៍ដល់ថ្ងៃក្រោយ កាលណាកូនចៅឯងសួរថា ថ្មទាំងនេះមានន័យដូចម្តេច
7 នោះឯងរាល់គ្នានឹងប្រាប់ថា នេះដោយព្រោះទឹកទន្លេយ័រដាន់បានត្រូវកាត់ផ្តាច់ នៅខាងមុខហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា គឺកាលហឹបនោះបានឆ្លងទន្លេយ័រដាន់ នោះទឹកទន្លេបានត្រូវកាត់ផ្តាច់ចេញ ដូច្នេះថ្មទាំងនេះនឹងបានសំរាប់ជាសេចក្ដីរំឭក ដល់ពួកកូនចៅអ៊ីស្រាអែលតរៀងទៅ។
8 ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើតាមបង្គាប់យ៉ូស្វេ គេយកថ្ម១២ដុំ ពីកណ្តាលទន្លេយ័រដាន់ តាមចំនួនពូជអំបូរពួកកូនចៅអ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលនឹងលោក ហើយគេលីថ្មទាំងនោះទៅជាមួយ យកទៅដាក់ត្រង់កន្លែងដែលគេស្នាក់នៅ។
9 យ៉ូស្វេក៏ដាក់ថ្ម១២ដុំនៅកណ្តាលទន្លេយ័រដាន់ ត្រង់កន្លែងនៃជើងពួកសង្ឃ ដែលសែងហឹបនៃសេចក្ដីសញ្ញាបានឈរហើយថ្មទាំងនោះក៏តាំងនៅរហូតដល់សព្វថ្ងៃនេះ
10 ឯពួកសង្ឃ ជាអ្នកសែងហឹប គេឈរនៅកណ្តាលទន្លេយ័រដាន់នោះ ដរាបដល់គ្រប់ការ ដែលព្រះយេហូវ៉ាបានបង្គាប់ដល់យ៉ូស្វេ ឲ្យប្រាប់ដល់បណ្តាជនបានសំរេច ជាការដែលត្រូវនឹងគ្រប់ទាំងសេចក្ដី ដែលលោកម៉ូសេបានបង្គាប់មកយ៉ូស្វេដែរ ឯពួកជនទាំងឡាយ គេក៏នាំគ្នាឆ្លងទៅដោយប្រញាប់ប្រញាល់