8 ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើតាមបង្គាប់យ៉ូស្វេ គេយកថ្ម១២ដុំ ពីកណ្តាលទន្លេយ័រដាន់ តាមចំនួនពូជអំបូរពួកកូនចៅអ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលនឹងលោក ហើយគេលីថ្មទាំងនោះទៅជាមួយ យកទៅដាក់ត្រង់កន្លែងដែលគេស្នាក់នៅ។
9 យ៉ូស្វេក៏ដាក់ថ្ម១២ដុំនៅកណ្តាលទន្លេយ័រដាន់ ត្រង់កន្លែងនៃជើងពួកសង្ឃ ដែលសែងហឹបនៃសេចក្ដីសញ្ញាបានឈរហើយថ្មទាំងនោះក៏តាំងនៅរហូតដល់សព្វថ្ងៃនេះ
10 ឯពួកសង្ឃ ជាអ្នកសែងហឹប គេឈរនៅកណ្តាលទន្លេយ័រដាន់នោះ ដរាបដល់គ្រប់ការ ដែលព្រះយេហូវ៉ាបានបង្គាប់ដល់យ៉ូស្វេ ឲ្យប្រាប់ដល់បណ្តាជនបានសំរេច ជាការដែលត្រូវនឹងគ្រប់ទាំងសេចក្ដី ដែលលោកម៉ូសេបានបង្គាប់មកយ៉ូស្វេដែរ ឯពួកជនទាំងឡាយ គេក៏នាំគ្នាឆ្លងទៅដោយប្រញាប់ប្រញាល់
11 កាលពួកជនបានឆ្លងទៅផុតហើយ នោះហឹបនៃព្រះយេហូវ៉ា និងពួកសង្ឃ ក៏ឆ្លងទៅនៅចំពោះមុខគេ
12 ឯពួកកូនចៅរូបេន និងពួកកូនចៅកាឌ់ ហើយពូជអំបូរម៉ាន៉ាសេ១ចំហៀង ក៏ឆ្លងទៅនៅមុខពួកកូនចៅអ៊ីស្រាអែល ទាំងមានគ្រឿងសស្ត្រាវុធពាក់ស្រាប់ ដូចជាម៉ូសេបានប្រាប់
13 គឺមានចំនួនប្រហែលជា៤ម៉ឺននាក់ ដែលសុទ្ធតែពាក់គ្រឿងសស្ត្រាវុធរៀបចំនឹងច្បាំង គេឆ្លងនៅចំពោះព្រះយេហូវ៉ា ទៅដល់វាលក្រុងយេរីខូរ
14 នៅថ្ងៃនោះឯង ព្រះយេហូវ៉ាទ្រង់បានលើកដំកើងយ៉ូស្វេ នៅចំពោះភ្នែកនៃពួកអ៊ីស្រាអែលទាំងអស់គ្នា ហើយគេក៏កោតខ្លាចដល់លោក ដូចជាបានកោតខ្លាចដល់លោកម៉ូសេដែរ នៅអស់១ជីវិតរបស់លោក។