1 កាលពួកស្តេចសាសន៍អាម៉ូរីទាំងប៉ុន្មាន ដែលនៅខាងលិចទន្លេយ័រដាន់ និងស្តេចសាសន៍កាណានទាំងប៉ុន្មាន ដែលនៅក្បែរសមុទ្រ បានឮថា ព្រះយេហូវ៉ាបានធ្វើឲ្យទឹកទន្លេយ័រដាន់រីងទៅ នៅមុខពួកកូនចៅអ៊ីស្រាអែល ទាល់តែបានឆ្លងផុតមកដូច្នេះ នោះគេមានចិត្តរលត់ទៅ គ្មានវិញ្ញាណនៅសល់ក្នុងគេទៀតឡើយ ដោយព្រោះពួកកូនចៅអ៊ីស្រាអែល។
2 នៅគ្រានោះ ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់យ៉ូស្វេថា ចូរយកថ្មធ្វើជាកាំបិត រួចកាត់ស្បែកពួកកូនចៅអ៊ីស្រាអែល១លើកទៀត
3 នោះយ៉ូស្វេក៏ធ្វើកាំបិតពីថ្ម ហើយកាត់ស្បែករបស់ពួកកូនចៅអ៊ីស្រាអែល នៅត្រង់ភ្នំហារ៉ាឡុត
4 យ៉ូស្វេបានកាត់ស្បែកគេ ដោយព្រោះហេតុនេះ គឺមនុស្សប្រុសៗជាអ្នកថ្នឹកច្បាំងទាំងប៉ុន្មាន ដែលចេញពីស្រុកអេស៊ីព្ទមក គេបានស្លាប់តាមផ្លូវនៅទីរហោស្ថានក្នុងពេលក្រោយដែលបានចេញមកពីស្រុកអេស៊ីព្ទ