យ៉ូស្វេ 5:5-11 KHOV

5 ដ្បិត​ប្រុសៗ​ទាំង​អស់​ដែល​ចេញ​មក គេ​បាន​កាត់​ស្បែក​គ្រប់​គ្នា​ហើយ តែ​ពួក​ទាំង​ប៉ុន្មាន​ដែល​កើត​តាម​ផ្លូវ នៅ​ទី​រហោ‌ស្ថាន ក្រោយ​ដែល​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​មិន​ទាន់​បាន​កាត់​ស្បែក​នៅ​ឡើយ

6 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ដើរ​ក្នុង​ទី​រហោ‌ស្ថាន​អស់​៤០​ឆ្នាំ ទាល់​តែ​ពួក​គេ​គ្រប់​គ្នា គឺ​ជា​ពួក​មនុស្ស​ថ្នឹក​ច្បាំង ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក បាន​ស្លាប់​បាត់​អស់​ទៅ ពី​ព្រោះ​គេ​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល នៃ​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​បាន​ស្បថ​ថា មិន​ឲ្យ​គេ​ឃើញ​ស្រុក ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​គេ​ថា​នឹង​ឲ្យ​មក​យើង​រាល់​គ្នា​ឡើយ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ

7 គឺ​ជា​ពួក​កូន​ចៅ​របស់​អ្នក​ទាំង​នោះ​ឯង ដែល​ទ្រង់​បាន​បង្កើត​ឡើង​ជំនួស​គេ ហើយ​យ៉ូស្វេ​បាន​កាត់​ស្បែក​ឲ្យ ដ្បិត​គេ​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ ពី​ព្រោះ​មិន​បាន​កាត់​ស្បែក​អ្នក​ណា​តាម​ផ្លូវ​សោះ

8 ដូច្នេះ កាល​គេ​បាន​កាត់​ស្បែក​ប្រុសៗ​ទាំង​អស់​រួច​ហើយ នោះ​ក៏​នៅ​នឹង​កន្លែង​គេ ក្នុង​ទី​ដំឡើង​ត្រសាល​នោះ​ដរាប​ដល់​សះ​ជា

9 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​យ៉ូស្វេ​ថា នៅ​ថ្ងៃ​នេះ អញ​បាន​ប្រមៀលសេចក្ដី​ដំនៀល​របស់​ស្រុក​អេស៊ីព្ទ​ពី​ឯង​ចេញ គឺ​ហេតុ​នោះ បាន​ជា​គេ​ហៅ​ឈ្មោះ​កន្លែង​នោះ​ថា គីល‌កាល ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

10 ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​ដំឡើង​ត្រសាល​នៅ​ត្រង់​គីល‌កាល​នោះ ហើយ​នាំ​គ្នា​ធ្វើ​បុណ្យ​រំលង​នៅ​ល្ងាច​ថ្ងៃ​១៤​ខែ​នោះ ត្រង់​វាល​ក្រុង​យេរីខូរ

11 ក្រោយ​ថ្ងៃ​បុណ្យ​រំលង​មក នៅ​ថ្ងៃ​នោះ​ឯង គេ​ក៏​បរិភោគ​ផល​របស់​ស្រុក​នោះ គឺ​ជា​នំ​ឥត​ដំបែ និង​គ្រាប់​លីង