8 លុះកាលយ៉ូស្វេបានប្រាប់ដល់ពួកជនរួចអស់ហើយ នោះសង្ឃទាំង៧ ដែលកាន់ត្រែស្នែងចៀមទាំង៧ នៅចំពោះព្រះយេហូវ៉ា ក៏ដើរទៅទាំងផ្លុំបណ្តើរ រួចហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាក៏តាមគេទៅ
9 ឯពួកដែលកាន់គ្រឿងសស្ត្រាវុធ គេដើរខាងមុខពួកសង្ឃដែលផ្លុំត្រែ ក៏មានពួកអ្នកដើរខាងក្រោយហឹបដែរ ពួកសង្ឃដើរទៅទាំងផ្លុំត្រែបណ្តើរ
10 ឯយ៉ូស្វេក៏បង្គាប់បណ្តាជនថា មិនត្រូវឲ្យឯងរាល់គ្នាស្រែកឡើង ឬឲ្យមានឮសំឡេងឡើយ ក៏មិនត្រូវមានពាក្យណាមួយចេញពីមាត់ឯងដែរ ដរាបដល់ថ្ងៃ ដែលអញប្រាប់ឲ្យស្រែកឡើង នោះទើបត្រូវឲ្យឯងស្រែកចុះ
11 ដូច្នេះហឹបនៃព្រះយេហូវ៉ា ក៏បានព័ទ្ធជុំវិញទីក្រុងអស់១ជុំ រួចគេត្រឡប់ចូលមកក្នុងទីដំឡើងត្រសាលវិញ ហើយឈប់នៅទីនោះ។
12 ឯយ៉ូស្វេលោកក្រោកឡើងពីព្រលឹម ហើយពួកសង្ឃក៏នាំគ្នាសែងហឹបនៃព្រះយេហូវ៉ា
13 មានទាំងពួកសង្ឃ៧រូបនោះ កាន់ត្រែស្នែងចៀម៧ ដើរនាំមុខហឹបនៃព្រះយេហូវ៉ា ទាំងផ្លុំត្រែបណ្តើរផង ឯពួកកាន់គ្រឿងសស្ត្រាវុធ គេក៏ដើរពីខាងមុខ ហើយមានពួកអ្នកខាងក្រោយ ដើរតាមហឹបនៃព្រះយេហូវ៉ាដែរ ពួកសង្ឃក៏ដើរទៅទាំងផ្លុំត្រែបណ្តើរ
14 ថ្ងៃទី២នោះ គេដើរជុំវិញទីក្រុង១ជុំ រួចក៏ត្រឡប់មកក្នុងទីដំឡើងត្រសាលវិញ គេធ្វើយ៉ាងដូច្នេះអស់៦ថ្ងៃ។