យ៉ូស្វេ 7:1-7 KHOV

1 ប៉ុន្តែ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​រំលង​ចំពោះ​របស់​ដែល​សំរាប់​បំផ្លាញ​វិញ ដ្បិត​មាន​អេកាន​ជា​កូន​កើមី ដែល​កើមី​ជា​កូន​សាប់ឌីៗ​ជា​កូន​សេរ៉ាស ក្នុង​ពូជ​អំបូរ​យូដា គាត់​បាន​យក​របស់​ខ្លះ​ដែល​ត្រូវ​បំផ្លាញ ហើយ​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង ទាស់​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។

2 ឯ​យ៉ូស្វេ​លោក​ចាត់​មនុស្ស​ពី​ក្រុង​យេរីខូរ ទៅ​ឯ​ក្រុង​អៃយ ដែល​នៅ​ជិត​បេត-អាវេន នៅ​ខាង​កើត​បេត-អែល ដោយ​ពាក្យ​ថា ចូរ​ឡើង​ទៅ​សង្កេត​មើល​ស្រុក​នោះ គេ​ក៏​ឡើង​ទៅ​សង្កេត​មើល​ក្រុង​អៃយ

3 រួច​ត្រឡប់​មក​ឯ​យ៉ូស្វេ​ជំរាប​ថា មិន​ចាំ​បាច់​ឲ្យ​ឡើង​ទៅ​ទាំង​អស់​គ្នា​ទេ សូម​ឡើង​ទៅ​តែ​មនុស្ស​២​ឬ​៣​ពាន់​នាក់​ប៉ុណ្ណោះ ដើម្បី​នឹង​វាយ​ក្រុង​អៃយ​នោះ​បាន​ហើយ សូម​កុំ​ឲ្យ​បង់​កំឡាំង​ទាំង​អស់​គ្នា​នឹង​ឡើង​ទៅ​ឡើយ ដ្បិត​គេ​មាន​គ្នា​តិច​ទេ

4 ដូច្នេះ​ក៏​មាន​ប្រហែល​ជា​៣​ពាន់​នាក់​នាំ​គ្នា​ឡើង​ទៅ តែ​គេ​ត្រូវ​រត់​ពី​មុខ​ពួក​ក្រុង​អៃយ​វិញ

5 ហើយ​ពួក​ក្រុង​អៃយ​ក៏​សំឡាប់​អស់​ប្រហែល​ជា​៣៦​នាក់ គេ​ដេញ​ពួក​អ៊ីស្រា‌អែល​ពី​មុខ​ទ្វារ​ក្រុង​ទៅ រហូត​ដល់​សេបារិម ទាំង​ប្រហារ​អ្នក​ទាំង​នោះ​នៅ​ត្រង់​ផ្លូវ​ចុះ ដូច្នេះ​ពួក​ជន​ទាំង‌ឡាយ ក៏​មាន​ចិត្ត​រលាយ​ទៅ​ដូច​ជា​ទឹក។

6 ឯ​យ៉ូស្វេ​លោក​ហែក​សំលៀក‌បំពាក់ ហើយ​ទំលាក់​ខ្លួន​ក្រាប​ផ្កាប់​មុខ​នឹង​ដី​នៅ​ចំពោះ​ហឹប​នៃ​ព្រះ‌យេហូវ៉ា ទាល់​តែ​ល្ងាច ព្រម​ទាំង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ផង គេ​ក៏​ដាក់​ធូលី​ដី​នៅ​លើ​ក្បាល​រៀង​ខ្លួន​ដែរ

7 រួច​យ៉ូស្វេ​ទូល​ថា ដល់​ហើយ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​បាន​នាំ​ពួក​បណ្តា‌ជន​នេះ ឆ្លង​ទន្លេ​យ័រដាន់​មក ដើម្បី​នឹង​ប្រគល់​យើង​រាល់​គ្នា ទៅ​ក្នុង​កណ្តាប់​ដៃ​សាសន៍​អាម៉ូរី ឲ្យ​ត្រូវ​វិនាស​ដូច្នេះ គួរ​តែ​ឲ្យ​យើង​រាល់​គ្នា​បាន​សុខ​ចិត្ត នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​វិញ​ជា​ជាង