យ៉ូស្វេ 7:12-18 KHOV

12 ដោយ​ហេតុ​នោះ បាន​ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ពុំ​អាច​នឹង​ឈរ​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​គេ​បាន​ឡើយ ដែល​គេ​បែរ​ខ្នង​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ នោះ​គឺ​ពី​ព្រោះ​គេ​បាន​ត្រឡប់​ទៅ​ជា​ត្រូវ​បំផ្លាញ​ដែរ បើ​ឯង​រាល់​គ្នា​មិន​បំផ្លាញ​របស់ ដែល​សំរាប់​បំផ្លាញ​ពី​ពួក​ឯង​ចេញ​ទេ នោះ​អញ​មិន​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​ទៀត​ឡើយ

13 ចូរ​ក្រោក​ឡើង​ញែក​ពួក​ជន​ចេញ​ជា​បរិសុទ្ធ​ចុះ ហើយ​ប្រាប់​គេ​ថា ចូរ​ឲ្យ​ឯង​រាល់​គ្នា​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ឲ្យ​ទាន់​ពេល​ថ្ងៃ​ស្អែក ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ពួក​អ៊ីស្រា‌អែល​អើយ មាន​របស់​ដែល​សំរាប់​បំផ្លាញ​នៅ​ក្នុង​ពួក​ឯង ហើយ​ឯង​ពុំ​អាច​នឹង​ឈរ​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​បាន​ឡើយ ទាល់​តែ​បាន​ដក​របស់​ដែល​សំរាប់​បំផ្លាញ​នោះ ពី​ពួក​ឯង​ចេញ

14 ដូច្នេះ​ដល់​ព្រឹក​ឡើង ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ចូល​មក​តាម​ពូជ​អំបូរ​របស់​ឯង នោះ​ពូជ​អំបូរ​ណា ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​រើស​យក នឹង​ត្រូវ​មក​តាម​គ្រួ​គេ ហើយ​គ្រួ​ណា​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​រើស​យក នោះ​ត្រូវ​មក​តាម​ពួក​គេ ហើយ​ពួក​ណា​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​រើស​យក នោះ​ត្រូវ​មក​ម្នាក់​ម្តងៗ

15 ឯ​អ្នក​ណា​ដែល​ត្រូវ​ចាប់ ដោយ​ព្រោះ​បាន​យក​របស់​ដែល​សំរាប់​បំផ្លាញ នោះ​នឹង​ត្រូវ​ដុត​ទៅ​ក្នុង​ភ្លើង ព្រម​ទាំង​សព្វ​សារពើ​របស់​អ្នក​នោះ​ផង ពី​ព្រោះ​បាន​ប្រព្រឹត្ត​រំលង​នឹង​សេចក្ដី​សញ្ញា​នៃ​ព្រះ‌យេហូវ៉ា ហើយ​បាន​ធ្វើ​ការ​ចំកួត​ក្នុង​ពួក​អ៊ីស្រា‌អែល។

16 យ៉ូស្វេ​ក៏​ក្រោក​ពី​ព្រលឹម នាំ​ពួក​អ៊ីស្រា‌អែល​មក​តាម​ពូជ​អំបូរ​គេ នោះ​ក៏​ជាប់​ខាង​ពូជ​អំបូរ​យូដា

17 រួច​លោក​ឲ្យ​គ្រួ​យូដា​ទាំង​ប៉ុន្មាន​ចូល​មក ហើយ​លោក​ចាប់​យក​គ្រួ​សេរ៉ាស លោក​ក៏​ឲ្យ​គ្រួ​សេរ៉ាស​ចូល​មក​ម្នាក់​ម្តងៗ នោះ​ជាប់​សាប់ឌី

18 ហើយ​លោក​ឲ្យ​ពួក​សាប់ឌី​ចូល​មក​ម្នាក់​ម្តងៗ នោះ​ជាប់​អេកាន​ជា​កូន​កើមី ដែល​កើមី​ជា​កូន​សាប់ឌីៗ​ជា​កូន​សេរ៉ាស ក្នុង​ពូជ​អំបូរ​យូដា