យ៉ូស្វេ 7:18-24 KHOV

18 ហើយ​លោក​ឲ្យ​ពួក​សាប់ឌី​ចូល​មក​ម្នាក់​ម្តងៗ នោះ​ជាប់​អេកាន​ជា​កូន​កើមី ដែល​កើមី​ជា​កូន​សាប់ឌីៗ​ជា​កូន​សេរ៉ាស ក្នុង​ពូជ​អំបូរ​យូដា

19 យ៉ូស្វេ​ក៏​និយាយ​នឹង​អេកាន​ថា កូន​អើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ហើយ​លន់‌តួ​នឹង​ទ្រង់​ទៅ ចូរ​ប្រាប់​អញ​ពី​ការ​ដែល​ឯង​បាន​ធ្វើ កុំ​ឲ្យ​លាក់​នឹង​អញ​ឡើង

20 នោះ​អេកាន​ក៏​ឆ្លើយ​ជំរាប​យ៉ូស្វេ​ថា ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ពិត​មែន គឺ​ខ្ញុំ​បាន​ធ្វើ​ការ​យ៉ាង​នេះ​មួយៗ

21 ដ្បិត​ខ្ញុំ​បាន​ឃើញ​អាវ​១​យ៉ាង​ល្អ​ពី​ស្រុក​ស៊ីណើរ និង​ប្រាក់​២​រយ​រៀល ហើយ​មាស​១​ដុល ទំងន់​៥០​ដំឡឹង​នៅ​ក្នុង​របឹប នោះ​ខ្ញុំ​កើត​មាន​ចិត្ត​លោភ​ចង់​បាន រួច​ក៏​យក​ទៅ មើល របស់​ទាំង​នោះ​បាន​កប់​នៅ​ក្នុង​ដី នា​កណ្តាល​ត្រសាល​របស់​ខ្ញុំ ឯ​ប្រាក់​នៅ​ជា​ខាង​ក្រោម។

22 ដូច្នេះ​យ៉ូស្វេ​ចាត់​មនុស្ស​ឲ្យ​ទៅ ហើយ​គេ​រត់​ទៅ​ឯ​ត្រសាល​នោះ ឃើញ​មាន​របស់​ទាំង​នោះ​កប់ នៅ​ក្នុង​ត្រសាល ហើយ​ប្រាក់​ក៏​នៅ​ពី​ក្រោម​មែន

23 រួច​គេ​នាំ​យក​ពី​កណ្តាល​ត្រសាល ទៅ​ជូន​ដល់​យ៉ូស្វេ និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ដាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

24 នោះ​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​យក​អេកាន ជា​កូន​សេរ៉ាស និង​ប្រាក់ អាវ ហើយ​នឹង​មាស​១​ដុល​នោះ ព្រម​ទាំង​កូន​ប្រុស​កូន​ស្រី គោ លា ចៀម និង​ត្រសាល ហើយ​របស់​គាត់​ទាំង​អស់ នាំ​ឡើង​ទៅ​ដល់​ច្រក​ភ្នំ​អាគ័រ