21 ដ្បិតខ្ញុំបានឃើញអាវ១យ៉ាងល្អពីស្រុកស៊ីណើរ និងប្រាក់២រយរៀល ហើយមាស១ដុល ទំងន់៥០ដំឡឹងនៅក្នុងរបឹប នោះខ្ញុំកើតមានចិត្តលោភចង់បាន រួចក៏យកទៅ មើល របស់ទាំងនោះបានកប់នៅក្នុងដី នាកណ្តាលត្រសាលរបស់ខ្ញុំ ឯប្រាក់នៅជាខាងក្រោម។
22 ដូច្នេះយ៉ូស្វេចាត់មនុស្សឲ្យទៅ ហើយគេរត់ទៅឯត្រសាលនោះ ឃើញមានរបស់ទាំងនោះកប់ នៅក្នុងត្រសាល ហើយប្រាក់ក៏នៅពីក្រោមមែន
23 រួចគេនាំយកពីកណ្តាលត្រសាល ទៅជូនដល់យ៉ូស្វេ និងពួកកូនចៅអ៊ីស្រាអែលទាំងអស់ ដាក់នៅចំពោះព្រះយេហូវ៉ា
24 នោះយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏យកអេកាន ជាកូនសេរ៉ាស និងប្រាក់ អាវ ហើយនឹងមាស១ដុលនោះ ព្រមទាំងកូនប្រុសកូនស្រី គោ លា ចៀម និងត្រសាល ហើយរបស់គាត់ទាំងអស់ នាំឡើងទៅដល់ច្រកភ្នំអាគ័រ
25 ហើយយ៉ូស្វេមានប្រសាសន៍ថា ហេតុអ្វីបានជាឯងធ្វើឲ្យយើងមានសេចក្ដីវេទនាដូច្នេះ នៅថ្ងៃនេះព្រះយេហូវ៉ានឹងធ្វើឲ្យឯងវេទនាវិញ នោះពួកអ៊ីស្រាអែលទាំងអស់គ្នាក៏ចោលនឹងថ្ម ហើយដុតទាំងអស់ក្នុងភ្លើង ព្រមទាំងចោលនឹងថ្មផង
26 គេដាក់ថ្មបង្គរឡើងជាគំនរយ៉ាងធំនៅពីលើ ដែលនៅដរាបមកដល់សព្វថ្ងៃនេះ នោះព្រះយេហូវ៉ាទ្រង់ក៏រសាយសេចក្ដីខ្ញាល់ក្តៅទៅ គឺហេតុនោះបានជាគេហៅកន្លែងនោះថា ច្រកភ្នំអាគ័រ ដរាបដល់សព្វថ្ងៃនេះ។