13 ដូច្នេះកាលបានចាត់ពួកបណ្តាទ័ពឲ្យទៅឯកន្លែងគេរៀងខ្លួន គឺពួកពលទ័ពដែលត្រូវនៅខាងជើងទីក្រុង និងពួកអ្នកដែលត្រូវបង្កប់ខ្លួន នៅខាងលិចរួចស្រេចហើយ នោះយ៉ូស្វេក៏នៅឯកណ្តាលវាលច្រកភ្នំ នៅវេលាយប់នោះឯង។
14 កាលស្តេចក្រុងអៃយបានឃើញដូច្នោះ នោះពួកក្រុងទាំងអស់គ្នា ក៏ប្រញាប់ប្រញាល់ក្រោកឡើងពីព្រលឹម ហើយស្តេច និងរាស្ត្រទាំងអស់ ក៏ចេញទៅឯកន្លែងដែលបានកំណត់ទុកជាមុន ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែលត្រង់វាលនោះ ឥតដឹងជាមានពលបង្កប់ទាស់នឹងគេ នៅជាខាងក្រោយទីក្រុងទេ
15 ឯយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់គ្នា គេធ្វើដូចជាចាញ់នៅមុខអ្នកទាំងនោះ ក៏នាំគ្នារត់ទៅតាមផ្លូវទីរហោស្ថានទៅ
16 លំដាប់នោះ មានគេហៅពួកបណ្តាជនដែលនៅក្នុងក្រុង ឲ្យប្រមូលមកមូលគ្នាដេញតាមដែរ រួចគេក៏ដេញតាមយ៉ូស្វេ ហើយត្រូវប្រទាញនាំទៅឃ្លាតឆ្ងាយពីទីក្រុង
17 គ្មានសល់មនុស្សណាមួយនៅក្នុងក្រុងអៃយ និងបេត-អែល ដែលមិនបានចេញទៅដេញតាមសាសន៍អ៊ីស្រាអែលនោះឡើយ គេបានទុកទីក្រុងឲ្យនៅចំហ ដេញតាមពួកអ៊ីស្រាអែលទៅ។
18 នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងយ៉ូស្វេថា ចូរលើកលំពែងដែលកាន់នៅដៃ ដំរង់ទៅឯក្រុងអៃយទៅ ដ្បិតអញប្រគល់មកក្នុងកណ្តាប់ដៃឯងហើយ នោះយ៉ូស្វេក៏លើកលំពែងដែលកាន់នៅដៃឡើង ដំរង់ទៅឯទីក្រុងនោះ
19 កាលលោកលើកដៃឡើង នោះពួកទ័ពបង្កប់ក៏ស្ទុះចេញពីកន្លែងគេជាប្រញាប់ រត់ចូលទៅក្នុងទីក្រុងភ្លាម ក៏ចាប់យក ហើយប្រញាប់ប្រញាល់នឹងបង្កាត់ភ្លើងដុតឡើង