26 ដ្បិតយ៉ូស្វេមិនបានដកដៃ ដែលលើកលំពែងឡើងនោះមកវិញឡើយ ទាល់តែបានបំផ្លាញពួកក្រុងអៃយអស់រលីងទៅ
27 ពួកអ៊ីស្រាអែលបានយកតែហ្វូងសត្វ និងរបស់ទាំងប៉ុន្មាននៅក្រុងនោះ ទុកជារបឹបសំរាប់ខ្លួនប៉ុណ្ណោះ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលទ្រង់បានបង្គាប់មកយ៉ូស្វេ
28 ដូច្នេះយ៉ូស្វេបានដុតក្រុងអៃយ ធ្វើឲ្យទៅជាគំនរដរាបតទៅ គឺជាទីកន្លែងស្ងាត់ដរាបដល់សព្វថ្ងៃនេះ
29 ឯស្តេចនៃក្រុងអៃយនោះ លោកបានព្យួរនឹងដើមឈើទាល់តែល្ងាច រួចដល់ថ្ងៃលិច លោកបង្គាប់ឲ្យគេដាក់ខ្មោចចុះពីដើមឈើមក យកទៅបោះចោលនៅមាត់ទ្វារទីក្រុង ហើយក៏ប្រគរគំនរថ្មយ៉ាងធំនៅពីលើ ដែលនៅដរាបដល់សព្វថ្ងៃនេះ។
30 នៅគ្រានោះ យ៉ូស្វេលោកស្អាងអាសនា១ ថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នៅលើភ្នំអេបាល
31 ដូចជាលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា បានបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល ហើយដូចជាបានកត់ទុកក្នុងគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេដែរ គឺជាអាសនាដែលធ្វើពីដុំថ្មទាំងមូល ឥតមានអ្នកណាដាប់ដោយដែកឡើយ រួចគេក៏ថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ា នៅលើអាសនានោះ ព្រមទាំងដង្វាយមេត្រីផង
32 នៅទីនោះ លោកចារឹកថ្មចម្លងក្រឹត្យវិន័យរបស់លោកម៉ូសេ ដែលលោកបានកត់ទុក នៅចំពោះមុខពួកកូនចៅអ៊ីស្រាអែល