យ៉ូស្វេ 8:27-33 KHOV

27 ពួក​អ៊ីស្រា‌អែល​បាន​យក​តែ​ហ្វូង​សត្វ និង​របស់​ទាំង​ប៉ុន្មាន​នៅ​ក្រុង​នោះ ទុក​ជា​របឹប​សំរាប់​ខ្លួន​ប៉ុណ្ណោះ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​បង្គាប់​មក​យ៉ូស្វេ

28 ដូច្នេះ​យ៉ូស្វេ​បាន​ដុត​ក្រុង​អៃយ ធ្វើ​ឲ្យ​ទៅ​ជា​គំនរ​ដរាប​ត​ទៅ គឺ​ជា​ទី​កន្លែង​ស្ងាត់​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

29 ឯ​ស្តេច​នៃ​ក្រុង​អៃយ​នោះ លោក​បាន​ព្យួរ​នឹង​ដើម​ឈើ​ទាល់​តែ​ល្ងាច រួច​ដល់​ថ្ងៃ​លិច លោក​បង្គាប់​ឲ្យ​គេ​ដាក់​ខ្មោច​ចុះ​ពី​ដើម​ឈើ​មក យក​ទៅ​បោះ​ចោល​នៅ​មាត់​ទ្វារ​ទី​ក្រុង ហើយ​ក៏​ប្រគរ​គំនរ​ថ្ម​យ៉ាង​ធំ​នៅ​ពី​លើ ដែល​នៅ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

30 នៅ​គ្រា​នោះ យ៉ូស្វេ​លោក​ស្អាង​អាស‌នា​១ ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នៅ​លើ​ភ្នំ​អេបាល

31 ដូច​ជា​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា បាន​បង្គាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ដូច​ជា​បាន​កត់​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​ដែរ គឺ​ជា​អាស‌នា​ដែល​ធ្វើ​ពី​ដុំ​ថ្ម​ទាំង​មូល ឥត​មាន​អ្នក​ណា​ដាប់​ដោយ​ដែក​ឡើយ រួច​គេ​ក៏​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា នៅ​លើ​អាស‌នា​នោះ ព្រម​ទាំង​ដង្វាយ​មេត្រី​ផង

32 នៅ​ទី​នោះ លោក​ចារឹក​ថ្ម​ចម្លង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ដែល​លោក​បាន​កត់​ទុក នៅ​ចំពោះ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល

33 នោះ​ពួក​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ទាំង​ពួក​ចាស់‌ទុំ និង​ពួក​នា​យក ហើយ​ពួក​ចៅ‌ក្រម គេ​ក៏​ឈរ​ទាំង​សង​ខាង​ហឹប នៅ​មុខ​ពួក​លេវី​ដ៏​ជា​សង្ឃ ដែល​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ទោះ​ទាំង​ពួក​អ្នក​ប្រទេស​ក្រៅ និង​ពួក​អ្នក​ស្រុក​ផង ពួក​គេ​១​ចំហៀង​ឈរ​ខាង​ភ្នំ​កេរិស៊ីម ហើយ​១​ចំហៀង​ឈរ​ខាង​ភ្នំ​អេបាល ដូច​ជា​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា បាន​បង្គាប់​មក​កាល​ពី​មុន ដើម្បី​ឲ្យ​គេ​បាន​ឲ្យ​ពរ​ដល់​ពួក​អ៊ីស្រា‌អែល