31 ដូចជាលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា បានបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល ហើយដូចជាបានកត់ទុកក្នុងគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេដែរ គឺជាអាសនាដែលធ្វើពីដុំថ្មទាំងមូល ឥតមានអ្នកណាដាប់ដោយដែកឡើយ រួចគេក៏ថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ា នៅលើអាសនានោះ ព្រមទាំងដង្វាយមេត្រីផង
32 នៅទីនោះ លោកចារឹកថ្មចម្លងក្រឹត្យវិន័យរបស់លោកម៉ូសេ ដែលលោកបានកត់ទុក នៅចំពោះមុខពួកកូនចៅអ៊ីស្រាអែល
33 នោះពួកសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ទាំងពួកចាស់ទុំ និងពួកនាយក ហើយពួកចៅក្រម គេក៏ឈរទាំងសងខាងហឹប នៅមុខពួកលេវីដ៏ជាសង្ឃ ដែលសែងហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ទោះទាំងពួកអ្នកប្រទេសក្រៅ និងពួកអ្នកស្រុកផង ពួកគេ១ចំហៀងឈរខាងភ្នំកេរិស៊ីម ហើយ១ចំហៀងឈរខាងភ្នំអេបាល ដូចជាលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា បានបង្គាប់មកកាលពីមុន ដើម្បីឲ្យគេបានឲ្យពរដល់ពួកអ៊ីស្រាអែល
34 រួចមក លោកក៏អានមើលអស់ទាំងពាក្យនៃក្រឹត្យវិន័យ ទោះទាំងព្រះពរ និងសេចក្ដីបណ្តាសាទាំងប៉ុន្មានផង តាមគ្រប់ទាំងសេចក្ដីដែលបានកត់ទុកក្នុងគម្ពីរក្រឹត្យវិន័យ
35 ក្នុងគ្រប់ទាំងសេចក្ដីដែលលោកម៉ូសេបានបង្គាប់មកយ៉ូស្វេ នោះគ្មានពាក្យណាមួយដែលយ៉ូស្វេមិនបានអានមើល នៅមុខពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់គ្នានោះទេ ហើយក៏មានពួកស្រីៗ ពួកក្មេងៗ និងពួកអ្នកប្រទេសក្រៅ ដែលនៅជាមួយនឹងគេដែរ។