12 ឯនំបុ័ងយើងខ្ញុំនេះ បានយកពីផ្ទះយើងខ្ញុំមកទាំងក្តៅ សំរាប់ជាស្បៀងតាមផ្លូវ តាំងពីថ្ងៃដែលយើងខ្ញុំបានចេញមកឯលោករាល់គ្នា តែឥឡូវនេះ មើល បានស្វិត ហើយដុះផ្សិតអស់រលីង
13 ឯថង់ស្បែកសំរាប់ស្រាទំពាំងបាយជូរទាំងនេះ ក៏ថ្មីសុទ្ធក្នុងកាលដែលយើងខ្ញុំបានចាក់ចូលពេញនោះដែរ តែមើល ឥឡូវនេះទៅជាកណ្តាចអស់វិញ សំលៀកបំពាក់ និងស្បែកជើងយើងខ្ញុំនេះសោត ក៏ទៅជាចាស់អស់ ដោយព្រោះផ្លូវឆ្ងាយទាំងម៉្លេះ
14 នោះពួកអ៊ីស្រាអែលក៏ទទួលបរិភោគពីស្បៀងអាហារគេ ឥតទូលសួរដល់ព្រះយេហូវ៉ាឡើយ
15 ដូច្នេះយ៉ូស្វេក៏ព្រមចងជាស្ពានមេត្រីនឹងគេ ព្រមទាំងតាំងសញ្ញាឲ្យគេបាននៅរស់តទៅ ហើយពួកអ្នកដែលជាកំពូលលើពួកជំនុំ ក៏ស្បថនឹងគេដែរ។
16 លុះដល់ផុត៣ថ្ងៃក្រោយ ដែលបានតាំងសញ្ញានឹងគេមក នោះក៏ឮថា ពួកអ្នកនោះជាអ្នកជិតខាង ដែលនៅក្នុងស្រុកនោះវិញ
17 ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើដំណើរ ទៅដល់ក្រុងទាំងប៉ុន្មានរបស់គេនៅថ្ងៃទី៣ រីឯទីក្រុងទាំងនោះ គឺគីបៀន១ កេភីរ៉ា១ ប្អៀរ៉ុត១ និងគារយ៉ាត់-យារីម១
18 តែមិនបានវាយគេទេ ដ្បិតពួកអ្នកដែលជាកំពូលលើពួកជំនុំ បានស្បថនឹងគេហើយ ដោយនូវព្រះនាមផងព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នោះពួកជំនុំទាំងអស់គ្នាក៏រទូរទាំ ទាស់នឹងពួកអ្នក ដែលជាកំពូលនោះ