យ៉ូស្វេ 9:13-19 KHOV

13 ឯ​ថង់​ស្បែក​សំរាប់​ស្រា​ទំពាំង‌បាយ‌ជូរ​ទាំង​នេះ ក៏​ថ្មី​សុទ្ធ​ក្នុង​កាល​ដែល​យើង​ខ្ញុំ​បាន​ចាក់​ចូល​ពេញ​នោះ​ដែរ តែ​មើល ឥឡូវ​នេះ​ទៅ​ជា​កណ្តាច​អស់​វិញ សំលៀក‌បំពាក់ និង​ស្បែក​ជើង​យើង​ខ្ញុំ​នេះ​សោត ក៏​ទៅ​ជា​ចាស់​អស់ ដោយ​ព្រោះ​ផ្លូវ​ឆ្ងាយ​ទាំង​ម៉្លេះ

14 នោះ​ពួក​អ៊ីស្រា‌អែល​ក៏​ទទួល​បរិភោគ​ពី​ស្បៀង​អាហារ​គេ ឥត​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ឡើយ

15 ដូច្នេះ​យ៉ូស្វេ​ក៏​ព្រម​ចង​ជា​ស្ពាន​មេត្រី​នឹង​គេ ព្រម​ទាំង​តាំង​សញ្ញា​ឲ្យ​គេ​បាន​នៅ​រស់​ត​ទៅ ហើយ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​ពួក​ជំនុំ ក៏​ស្បថ​នឹង​គេ​ដែរ។

16 លុះ​ដល់​ផុត​៣​ថ្ងៃ​ក្រោយ ដែល​បាន​តាំង​សញ្ញា​នឹង​គេ​មក នោះ​ក៏​ឮ​ថា ពួក​អ្នក​នោះ​ជា​អ្នក​ជិត​ខាង ដែល​នៅ​ក្នុង​ស្រុក​នោះ​វិញ

17 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដំណើរ ទៅ​ដល់​ក្រុង​ទាំង​ប៉ុន្មាន​របស់​គេ​នៅ​ថ្ងៃ​ទី​៣ រីឯ​ទី​ក្រុង​ទាំង​នោះ គឺ​គីបៀន​១ កេភីរ៉ា​១ ប្អៀរ៉ុត​១ និង​គារយ៉ាត់-យារីម​១

18 តែ​មិន​បាន​វាយ​គេ​ទេ ដ្បិត​ពួក​អ្នក​ដែល​ជា​កំពូល​លើ​ពួក​ជំនុំ បាន​ស្បថ​នឹង​គេ​ហើយ ដោយ​នូវ​ព្រះ‌នាម​ផង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នោះ​ពួក​ជំនុំ​ទាំង​អស់​គ្នា​ក៏​រទូ‌រទាំ ទាស់​នឹង​ពួក​អ្នក ដែល​ជា​កំពូល​នោះ

19 តែ​ពួក​នោះ​និយាយ​ទៅ​ពួក​ជំនុំ​ទាំង​អស់​ថា យើង​បាន​ស្បថ​នឹង​គេ ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ហើយ ដូច្នេះ​យើង​គ្មាន​ច្បាប់​នឹង​ពាល់​គេ​ឡើយ