15 ដូច្នេះយ៉ូស្វេក៏ព្រមចងជាស្ពានមេត្រីនឹងគេ ព្រមទាំងតាំងសញ្ញាឲ្យគេបាននៅរស់តទៅ ហើយពួកអ្នកដែលជាកំពូលលើពួកជំនុំ ក៏ស្បថនឹងគេដែរ។
16 លុះដល់ផុត៣ថ្ងៃក្រោយ ដែលបានតាំងសញ្ញានឹងគេមក នោះក៏ឮថា ពួកអ្នកនោះជាអ្នកជិតខាង ដែលនៅក្នុងស្រុកនោះវិញ
17 ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើដំណើរ ទៅដល់ក្រុងទាំងប៉ុន្មានរបស់គេនៅថ្ងៃទី៣ រីឯទីក្រុងទាំងនោះ គឺគីបៀន១ កេភីរ៉ា១ ប្អៀរ៉ុត១ និងគារយ៉ាត់-យារីម១
18 តែមិនបានវាយគេទេ ដ្បិតពួកអ្នកដែលជាកំពូលលើពួកជំនុំ បានស្បថនឹងគេហើយ ដោយនូវព្រះនាមផងព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នោះពួកជំនុំទាំងអស់គ្នាក៏រទូរទាំ ទាស់នឹងពួកអ្នក ដែលជាកំពូលនោះ
19 តែពួកនោះនិយាយទៅពួកជំនុំទាំងអស់ថា យើងបានស្បថនឹងគេ ដោយនូវព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលហើយ ដូច្នេះយើងគ្មានច្បាប់នឹងពាល់គេឡើយ
20 ចូរយើងធ្វើដូច្នេះនឹងគេវិញ ទុកឲ្យគេនៅរស់ចុះ ខ្លាចក្រែងមានសេចក្ដីក្រោធមកលើយើងរាល់គ្នា ដោយព្រោះសម្បថរបស់យើង
21 រួចពួកអ្នកដែលជាកំពូលក៏និយាយទៀតថា ចូរឲ្យគេរស់នៅចុះ ដូច្នេះគេក៏ត្រឡប់ជាអ្នកកាប់ឱស ហើយរែកទឹក ដល់ពួកជំនុំទាំងអស់គ្នា ដូចជាពួកអ្នកដែលជាកំពូលបានប្រាប់ហើយ។