យ៉ូស្វេ 9:18-24 KHOV

18 តែ​មិន​បាន​វាយ​គេ​ទេ ដ្បិត​ពួក​អ្នក​ដែល​ជា​កំពូល​លើ​ពួក​ជំនុំ បាន​ស្បថ​នឹង​គេ​ហើយ ដោយ​នូវ​ព្រះ‌នាម​ផង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នោះ​ពួក​ជំនុំ​ទាំង​អស់​គ្នា​ក៏​រទូ‌រទាំ ទាស់​នឹង​ពួក​អ្នក ដែល​ជា​កំពូល​នោះ

19 តែ​ពួក​នោះ​និយាយ​ទៅ​ពួក​ជំនុំ​ទាំង​អស់​ថា យើង​បាន​ស្បថ​នឹង​គេ ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ហើយ ដូច្នេះ​យើង​គ្មាន​ច្បាប់​នឹង​ពាល់​គេ​ឡើយ

20 ចូរ​យើង​ធ្វើ​ដូច្នេះ​នឹង​គេ​វិញ ទុក​ឲ្យ​គេ​នៅ​រស់​ចុះ ខ្លាច​ក្រែង​មាន​សេចក្ដី​ក្រោធ​មក​លើ​យើង​រាល់​គ្នា ដោយ​ព្រោះ​សម្បថ​របស់​យើង

21 រួច​ពួក​អ្នក​ដែល​ជា​កំពូល​ក៏​និយាយ​ទៀត​ថា ចូរ​ឲ្យ​គេ​រស់​នៅ​ចុះ ដូច្នេះ​គេ​ក៏​ត្រឡប់​ជា​អ្នក​កាប់​ឱស ហើយ​រែក​ទឹក ដល់​ពួក​ជំនុំ​ទាំង​អស់​គ្នា ដូច​ជា​ពួក​អ្នក​ដែល​ជា​កំពូល​បាន​ប្រាប់​ហើយ។

22 យ៉ូស្វេ​ក៏​ហៅ​គេ​មក​សួរ​ថា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​បាន​បញ្ឆោត​យើង​ដូច្នេះ ដោយ​ថា យើង​ខ្ញុំ​នៅ​ឆ្ងាយ​ពី​លោក​ណាស់ តែ​ឯង​រាល់​គ្នា​នៅ​ជា​មួយ​នឹង​យើង​វិញ

23 ដូច្នេះ​ឯង​រាល់​គ្នា​ត្រូវ​បណ្តាសា​ឥឡូវ ពួក​ឯង​រាល់​គ្នា​នឹង​មិន​ដែល​រួច​ពី​ការ​ជា​បាវ​បំរើ​ឡើយ គឺ​ត្រូវ​កាប់​ឧស​ហើយ​រែក​ទឹក សំរាប់​ដំណាក់​ព្រះ​នៃ​អញ​ជានិច្ច

24 គេ​ក៏​ឆ្លើយ​តប​ថា គឺ​ដោយ​ព្រោះ​មាន​គេ​ប្រាប់​មក​យើង​ខ្ញុំ​ប្របាទ​ជា​ប្រាកដ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក ទ្រង់​បាន​បង្គាប់​មក​លោក​ម៉ូសេ ជា​អ្នក​បំរើ​ទ្រង់ ឲ្យ​ចែក​ស្រុក​នេះ​ទាំង​អស់​ដល់​លោក​រាល់​គ្នា ហើយ​បំផ្លាញ​ពួក​អ្នក​ស្រុក​នេះ​ទាំង​អស់ ពី​មុខ​លោក​ចេញ ហេតុ​នោះ​បាន​ជា​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​យ៉ាង​ដូច្នេះ ដោយ​នឹក​ភ័យ​ខ្លាច​នឹង​ជីវិត​យើង​ខ្ញុំ​ជា​ខ្លាំង ដោយ​ព្រោះ​លោក​រាល់​គ្នា