2 នោះគេក៏ប្រមូលគ្នាទាំងអស់ ដើម្បីច្បាំងនឹងយ៉ូស្វេ ហើយនឹងសាសន៍អ៊ីស្រាអែល ដោយស្រុះចិត្តគ្នា។
3 តែឯពួកទីក្រុងគីបៀន កាលគេបានឮពីការដែលយ៉ូស្វេបានធ្វើដល់ក្រុងយេរីខូរ និងក្រុងអៃយ
4 នោះគេក៏ប្រព្រឹត្តដោយឧបាយកល ក្លែងខ្លួនធ្វើជារាជទូតចូលមកមានទាំងបាវចាស់ៗ ដាក់ផ្ទុកលើលាគេ និងថង់ស្បែកសំរាប់ស្រាទំពាំងបាយជូរ ជាថង់ស្បែកចាស់ហើយធ្លាយបានចងខ្ជឹបវិញផង
5 ក៏ពាក់ស្បែកជើងកញ្ចាស់ប៉ះយ៉ាងញឹក ហើយស្លៀកពាក់កញ្ចាស់ផង ឯនំបុ័ងដែលយកមកសំរាប់បរិភោគតាមផ្លូវ នោះសុទ្ធតែស្វិត ហើយដុះផ្សិតអស់រលីង
6 គេមកដល់យ៉ូស្វេក្នុងទីដំឡើងត្រសាល ត្រង់គីលកាល និយាយនឹងលោក ព្រមទាំងពួកអ៊ីស្រាអែលថា យើងខ្ញុំបានមកពីស្រុកឆ្ងាយ ដូច្នេះសូមលោកតាំងសេចក្ដីសញ្ញានឹងយើងខ្ញុំចុះ
7 តែពួកអ៊ីស្រាអែលឆ្លើយនឹងពួកសាសន៍ហេវីនោះថា ក្រែងអ្នករាល់គ្នានៅក្នុងស្រុកយើងនេះដែរទេដឹង ដូច្នេះធ្វើដូចម្តេចឲ្យយើងតាំងសញ្ញានឹងអ្នករាល់គ្នាបាន
8 នោះគេឆ្លើយតបទៅយ៉ូស្វេថា យើងខ្ញុំជាបាវបំរើលោកពិត តែយ៉ូស្វេសួរគេថា តើអ្នករាល់គ្នាជាសាសន៍ណា ហើយមកពីណា