9 គេក៏ជំរាបថា យើងខ្ញុំប្របាទបានមកពីស្រុកឆ្ងាយណាស់ ដោយព្រោះព្រះនាមព្រះយេហូវ៉ា ជាព្រះនៃលោក ដ្បិតយើងខ្ញុំបានឮល្បីព្រះនាមទ្រង់ និងពីអស់ទាំងការដែលទ្រង់បានធ្វើនៅស្រុកអេស៊ីព្ទហើយ
10 ព្រមទាំងការទាំងប៉ុន្មានដែលទ្រង់បានធ្វើដល់ស្តេចសាសន៍អាម៉ូរីទាំង២ នៅត្រើយទន្លេយ័រដាន់ខាងកើត គឺស៊ីហុនជាស្តេចក្រុងហែសបូន និងអុកជាស្តេចស្រុកបាសាន នៅទីក្រុងអាសថារ៉ូត
11 ដូច្នេះពួកចាស់ទុំ និងពួកអ្នកស្រុកយើងខ្ញុំទាំងអស់ គេបានប្រាប់យើងខ្ញុំថា ចូរយកស្បៀងអាហារជាប់នឹងខ្លួន សំរាប់តាមផ្លូវ ទៅជួបនឹងលោកជំរាបថា យើងខ្ញុំជាបាវបំរើលោកហើយ ដូច្នេះសូមតាំងសញ្ញានឹងយើងខ្ញុំចុះ
12 ឯនំបុ័ងយើងខ្ញុំនេះ បានយកពីផ្ទះយើងខ្ញុំមកទាំងក្តៅ សំរាប់ជាស្បៀងតាមផ្លូវ តាំងពីថ្ងៃដែលយើងខ្ញុំបានចេញមកឯលោករាល់គ្នា តែឥឡូវនេះ មើល បានស្វិត ហើយដុះផ្សិតអស់រលីង
13 ឯថង់ស្បែកសំរាប់ស្រាទំពាំងបាយជូរទាំងនេះ ក៏ថ្មីសុទ្ធក្នុងកាលដែលយើងខ្ញុំបានចាក់ចូលពេញនោះដែរ តែមើល ឥឡូវនេះទៅជាកណ្តាចអស់វិញ សំលៀកបំពាក់ និងស្បែកជើងយើងខ្ញុំនេះសោត ក៏ទៅជាចាស់អស់ ដោយព្រោះផ្លូវឆ្ងាយទាំងម៉្លេះ
14 នោះពួកអ៊ីស្រាអែលក៏ទទួលបរិភោគពីស្បៀងអាហារគេ ឥតទូលសួរដល់ព្រះយេហូវ៉ាឡើយ
15 ដូច្នេះយ៉ូស្វេក៏ព្រមចងជាស្ពានមេត្រីនឹងគេ ព្រមទាំងតាំងសញ្ញាឲ្យគេបាននៅរស់តទៅ ហើយពួកអ្នកដែលជាកំពូលលើពួកជំនុំ ក៏ស្បថនឹងគេដែរ។