3 ហេតុនោះ ចូរឯងប្រាប់គេថា ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះ ចូរវិលមកឯអញវិញ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នោះអញនឹងវិលមកឯឯងរាល់គ្នាដែរ នេះក៏ជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
4 កុំឲ្យប្រព្រឹត្តដូចជាពួកអយ្យកោរបស់ឯងរាល់គ្នា ដែលពួកហោរាពីដើមបានស្រែកប្រាប់ថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលដូច្នេះ ចូរវិលត្រឡប់ពីផ្លូវអាក្រក់ និងពីការប្រព្រឹត្តអាក្រក់របស់ឯងរាល់គ្នាមកវិញឥឡូវ តែគេមិនបានឮ ឬស្តាប់តាមអញទេ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
5 ឯពួកអយ្យកោរបស់ឯងរាល់គ្នា ឥឡូវតើគេនៅឯណា ហើយពួកហោរាតើគេនៅជាដរាបឬអី
6 តែចំណែកពាក្យ និងបញ្ញត្តច្បាប់ ដែលអញបានបង្គាប់ដល់ពួកហោរា ជាអ្នកបំរើអញ តើមិនបានតាមពួកអយ្យកោឯងរាល់គ្នាទាន់ទេឬ រួចគេបែរជាទទួលថា ព្រះយេហូវ៉ានៃពួកពលបរិវារបានគិតធ្វើដល់យើង តាមផ្លូវប្រព្រឹត្ត និងតាមការដែលយើងរាល់គ្នាបានធ្វើជាយ៉ាងណា នោះទ្រង់ក៏បានធ្វើដល់យើងយ៉ាងនោះឯង។
7 នៅថ្ងៃ២៤ ខែទី១១ គឺខែមាឃ ក្នុងឆ្នាំទី២ នៃរាជ្យដារីយុស នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ហោរាសាការី ជាកូនបេរេគា ដែលជាកូនអ៊ីដោ ថា
8 នៅវេលាយប់ អញបានមើលទៅ ឃើញមានមនុស្សជិះសេះសម្បុរក្រហម ឈរនៅកណ្តាលដើមយីថោ ដែលដុះនៅទីទំនាប ឯខាងក្រោយអ្នកនោះ មានសេះជាច្រើន សម្បុរក្រហមពញ្លក់ ហើយស
9 នោះខ្ញុំទូលសួរថា ឱព្រះអម្ចាស់នៃទូលបង្គំអើយ ទាំងអស់នេះជាអ្វី រួចទេវតាដែលពោលមកខ្ញុំ ក៏ប្រាប់ថា អញនឹងបង្ហាញឲ្យឯងដឹងថាទាំងអស់នេះជាអ្វី