សាការី 10:2-8 KHOV

2 ពី​ព្រោះ​រូប​ព្រះ​ទាំង​ប៉ុន្មាន​បាន​ពោល​ជា​សេចក្ដី​ឥត​ប្រយោជន៍ ហើយ​ពួក​គ្រូ​ទាយ​បាន​ឃើញ​សេចក្ដី​ភូត‌ភរ ឯ​សប្តិ​ក៏​សំដែង​ជា​សេចក្ដី​កំភូត ក៏​កំសាន្ត​ចិត្ត​ដោយ​សេចក្ដី​ឥត​ប្រយោជន៍​ដែរ ហេតុ​នោះ​បាន​ជា​គេ​ដើរ​តាម​ផ្លូវ​របស់​ខ្លួន​ដូច​ជា​ហ្វូង​ចៀម គេ​រង​ទុក្ខ​ដោយ​ព្រោះ​គ្មាន​អ្នក​គង្វាល

3 សេចក្ដី​កំហឹង​របស់​អញ​បាន​ឆួល​ឡើង ទាស់​នឹង​ពួក​អ្នក​គង្វាល ហើយ​អញ​នឹង​វាយ‌ផ្ចាល​ពួក​ពពែ​ឈ្មោល ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​ប្រោស​ហ្វូង​ចៀម​របស់​ទ្រង់ គឺ​ជា​ពួក​វង្ស​យូដា ហើយ​ទ្រង់​នឹង​ធ្វើ​ឲ្យ​គេ​បាន​ដូច​ជា​សេះ​យ៉ាង​ល្អ​របស់​ទ្រង់ ក្នុង​ការ​សង្គ្រាម

4 ថ្ម​ជ្រុង​នឹង​ចេញ​ពី​ទ្រង់​មក ហើយ​ទាំង​ដែក​គោល ទាំង​ធ្នូ​សំរាប់​ច្បាំង និង​គ្រប់​ទាំង​អ្នក​គ្រប់‌គ្រង​ជា​មួយ​គ្នា​ផង

5 គេ​នឹង​បាន​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ ដែល​កំពុង​ជាន់​ឈ្លី​ភក់​នៅ​ត្រង់​ផ្លូវ​ក្នុង​ការ​ចំបាំង គេ​នឹង​តស៊ូ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​គេ ហើយ​ពួក​ពល​សេះ​នឹង​ស្រឡាំង‌កាំង

6 អញ​នឹង​ចំរើន​កំឡាំង​ពួក​វង្ស​យូដា អញ​នឹង​ជួយ​សង្គ្រោះ​ពួក​វង្ស​យ៉ូសែប ហើយ​នឹង​នាំ​គេ​មក​វិញ ដ្បិត​អញ​មាន​សេចក្ដី​អាណិត​មេត្តា​ដល់​គេ យ៉ាង​នោះ គេ​នឹង​មាន​សណ្ឋាន ដូច​ជា​អញ​មិន​បាន​បោះ‌បង់​ចោល​គេ​ឡើយ ដ្បិត​អញ​នេះ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​នៃ​គេ ហើយ​អញ​នឹង​ស្តាប់​គេ

7 ឯ​ពួក​អេប្រា‌អិម គេ​នឹង​បាន​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ ចិត្ត​គេ​នឹង​បាន​រីក‌រាយ​ឡើង ដូច​ជា​ដោយ‌សារ​ស្រា​ទំពាំង‌បាយ‌ជូរ អើ ទាំង​ពួក​កូន​របស់​គេ​នឹង​ឃើញ ហើយ​នឹង​មាន​សេចក្ដី​អំណរ​ដែរ ចិត្ត​គេ​នឹង​បាន​អរ‌សាទរ​ក្នុង​ព្រះ‌យេហូវ៉ា។

8 អញ​នឹង​ហួច​ហៅ​គេ ហើយ​ប្រមូល​គេ​មក ពី​ព្រោះ​អញ​បាន​លោះ​គេ​ហើយ នោះ​គេ​នឹង​ចំរើន​ជា​ច្រើន​ឡើង​ដូច​ជា​បាន​ចំរើន​ឡើង​ពី​ដើម