6 ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងមិនប្រណីដល់ពួកអ្នកនៅក្នុងស្រុកទៀតឡើយ មើល អញនឹងប្រគល់គ្រប់ទាំងប្រុសៗ ទៅក្នុងកណ្តាប់ដៃនៃអ្នកជិតខាងខ្លួន ហើយទៅក្នុងកណ្តាប់ដៃនៃស្តេចរបស់ខ្លួនដែរ ពួកទាំងនោះនឹងវាយស្រុក ហើយអញមិនព្រមប្រោសឲ្យរួចដែរ
7 ដូច្នេះ ខ្ញុំក៏ឃ្វាលហ្វូងចៀមដែលសំរាប់សំឡាប់ ដែលពិតជាចៀមវេទនាបំផុតក្នុងហ្វូង ខ្ញុំក៏យកដំបង២មក ដំបងមួយខ្ញុំឲ្យឈ្មោះថា «លំអ» មួយទៀតឲ្យឈ្មោះថា «សម្ពន្ធ» ហើយខ្ញុំក៏ឃ្វាលហ្វូងចៀមទៅ
8 ក្នុងមួយខែ ខ្ញុំបានបណ្តេញអ្នកគង្វាលអស់៣នាក់ ពីព្រោះចិត្តខ្ញុំធុញថប់នឹងគេ ហើយចិត្តគេក៏ខ្ពើមខ្ញុំដែរ។
9 នោះខ្ញុំក៏និយាយថា អញលែងឃ្វាលឯងរាល់គ្នាហើយ ណាដែលស្លាប់ ឲ្យស្លាប់ចុះ ណាដែលត្រូវវិនាស ឲ្យវិនាសចុះ ហើយណាដែលសល់នៅ នោះឲ្យវាហែកគ្នាស៊ីទៅ
10 ខ្ញុំក៏យកដំបងរបស់ខ្ញុំដែលមានឈ្មោះ «លំអ» មកកាច់បំបាក់ ដើម្បីនឹងផ្តាច់សេចក្ដីសញ្ញារបស់ខ្ញុំ ដែលខ្ញុំបានតាំងនឹងជនជាតិទាំងឡាយ
11 សេចក្ដីសញ្ញានោះក៏ត្រូវដាច់នៅថ្ងៃនោះឯង យ៉ាងនោះ ពួកវេទនាបំផុត ក្នុងហ្វូងដែលស្តាប់តាមខ្ញុំ គេបានដឹងថាជាព្រះបន្ទូលនៃព្រះយេហូវ៉ា
12 នោះខ្ញុំនិយាយនឹងគេថា បើឯងរាល់គ្នាឃើញថាល្អ នោះសូមឲ្យឈ្នួលមកអញ ពុំនោះ កុំរវល់អី ដូច្នេះ គេក៏ថ្លឹងប្រាក់៣០ដួងសំរាប់ជាឈ្នួលរបស់ខ្ញុំ