សាការី 12:2-8 KHOV

2 មើល អញ​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​ទៅ​ជា​ពែង ដែល​នាំ​ឲ្យ​វិល​ក្រឡាប់​ដល់​ជន‌ជាតិ​នៅ​ព័ទ្ធ​ជុំវិញ​ទាំង​ប៉ុន្មាន ហើយ​ដល់​ពួក​យូដា​ដែរ ក្នុង​កាល​ដែល​មាន​គេ​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម

3 នៅ​ថ្ងៃ​នោះ អញ​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​ទៅ​ជា​ថ្ម ដែល​សង្កត់​លើ​អស់​ទាំង​សាសន៍ អស់​អ្នក​ណា​ដែល​យក​ជា​បន្ទុក​លើ​ខ្លួន នោះ​នឹង​ត្រូវ​របួស​ជា​ធ្ងន់ ហើយ​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី នឹង​មូល​គ្នា​ទាស់​នឹង​ទី​ក្រុង​នោះ

4 ព្រះ‌យេហូវ៉ា​ទង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​នោះ អញ​នឹង​វាយ​អស់​ទាំង​សេះ​ឲ្យ​ស្លុត‌ស្លាំង ហើយ​ឲ្យ​ពួក​អ្នក​ដែល​ជិះ​វា​បាន​វិល​ខួរ​ដែរ អញ​នឹង​បើក​ភ្នែក​មើល​ពួក​វង្ស​យូដា ហើយ​នឹង​វាយ​អស់​ទាំង​សេះ​របស់​សាសន៍​ទាំង​ប៉ុន្មាន ឲ្យ​ខ្វាក់​ភ្នែក

5 ឯ​ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​យូដា គេ​នឹង​គិត​ក្នុង​ចិត្ត​ថា ពួក​ក្រុង​យេរូ‌សាឡិម​ជា​កំឡាំង​របស់​គេ ដោយ​នូវ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​គេ

6 នៅ​ថ្ងៃ​នោះ អញ​នឹង​ធ្វើ​ឲ្យ​ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​យូដា បាន​ដូច​ជា​ជើង‌ក្រាន មាន​ភ្លើង​ឆេះ​នៅ​កណ្តាល​ឧស ហើយ​ដូច​ជា​ចន្លុះ​ឆេះ​នៅ​កណ្តាល​កណ្តាប់​ស្រូវ គេ​នឹង​បន្សុស​អស់​ទាំង​សាសន៍​នៅ​ព័ទ្ធ​ជុំវិញ ទោះ​ទាំង​ខាង​ឆ្វេង និង​ខាង​ស្តាំ​ផង រួច​ពួក​ក្រុង​យេរូ‌សាឡិម​នឹង​អាស្រ័យ​នៅ​ក្នុង​កន្លែង​របស់​គេ​ម្តង​ទៀត គឺ​នៅ​ក្រុង​យេរូ‌សាឡិម​នោះ​ឯង

7 ព្រះ‌យេហូវ៉ា ទ្រង់​នឹង​ជួយ​សង្គ្រោះ​ទី​លំនៅ​ទាំង​ប៉ុន្មាន​របស់​ពួក​យូដា​ជា​មុន ដើម្បី​មិន​ឲ្យ​សិរី‌ល្អ​នៃ​ពួក​វង្ស​ដាវីឌ និង​សិរី‌ល្អ​របស់​ពួក​ក្រុង​យេរូ‌សាឡិម បាន​ដំកើង​ឡើង​លើស​ជាង​ពួក​យូដា​ឡើយ

8 នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ការ‌ពារ​ពួក​អ្នក នៅ​ក្រុង​យេរូ‌សាឡិម ហើយ​នៅ​ថ្ងៃ​នោះ អ្នក​ណា​ក្នុង​ពួក​គេ​ដែល​ខ្សោយ នោះ​នឹង​បាន​ដូច​ជា​ដាវីឌ​វិញ ហើយ​ពួក​វង្ស​របស់​ដាវីឌ​នឹង​បាន​ដូច​ជា​ព្រះ គឺ​ដូច​ជា​ទេវតា​នៃ​ព្រះ‌យេហូវ៉ា នៅ​ចំពោះ​មុខ​គេ។