4 ព្រះយេហូវ៉ាទង់មានព្រះបន្ទូលថា នៅថ្ងៃនោះ អញនឹងវាយអស់ទាំងសេះឲ្យស្លុតស្លាំង ហើយឲ្យពួកអ្នកដែលជិះវាបានវិលខួរដែរ អញនឹងបើកភ្នែកមើលពួកវង្សយូដា ហើយនឹងវាយអស់ទាំងសេះរបស់សាសន៍ទាំងប៉ុន្មាន ឲ្យខ្វាក់ភ្នែក
5 ឯពួកចៅហ្វាយនៃសាសន៍យូដា គេនឹងគិតក្នុងចិត្តថា ពួកក្រុងយេរូសាឡិមជាកំឡាំងរបស់គេ ដោយនូវព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃគេ
6 នៅថ្ងៃនោះ អញនឹងធ្វើឲ្យពួកចៅហ្វាយនៃសាសន៍យូដា បានដូចជាជើងក្រាន មានភ្លើងឆេះនៅកណ្តាលឧស ហើយដូចជាចន្លុះឆេះនៅកណ្តាលកណ្តាប់ស្រូវ គេនឹងបន្សុសអស់ទាំងសាសន៍នៅព័ទ្ធជុំវិញ ទោះទាំងខាងឆ្វេង និងខាងស្តាំផង រួចពួកក្រុងយេរូសាឡិមនឹងអាស្រ័យនៅក្នុងកន្លែងរបស់គេម្តងទៀត គឺនៅក្រុងយេរូសាឡិមនោះឯង
7 ព្រះយេហូវ៉ា ទ្រង់នឹងជួយសង្គ្រោះទីលំនៅទាំងប៉ុន្មានរបស់ពួកយូដាជាមុន ដើម្បីមិនឲ្យសិរីល្អនៃពួកវង្សដាវីឌ និងសិរីល្អរបស់ពួកក្រុងយេរូសាឡិម បានដំកើងឡើងលើសជាងពួកយូដាឡើយ
8 នៅថ្ងៃនោះ ព្រះយេហូវ៉ាទ្រង់នឹងការពារពួកអ្នក នៅក្រុងយេរូសាឡិម ហើយនៅថ្ងៃនោះ អ្នកណាក្នុងពួកគេដែលខ្សោយ នោះនឹងបានដូចជាដាវីឌវិញ ហើយពួកវង្សរបស់ដាវីឌនឹងបានដូចជាព្រះ គឺដូចជាទេវតានៃព្រះយេហូវ៉ា នៅចំពោះមុខគេ។
9 នៅថ្ងៃនោះ អញនឹងតាំងចិត្ត ដើម្បីបំផ្លាញអស់ទាំងសាសន៍ ដែលមកទាស់នឹងក្រុងយេរូសាឡិម។
10 អញនឹងចាក់និស្ស័យមកលើពួកវង្សដាវីឌ និងពួកអ្នកនៅក្រុងយេរូសាឡិម ឲ្យគេមានចិត្តប្រកបដោយគុណ និងសេចក្ដីទូលអង្វរ នោះគេនឹងគន់មើលអ្នកដែលគេបានចាក់ ហើយគេនឹងយំសោកនឹងអ្នកនោះ ដូចជាយំសោកនឹងកូនខ្លួនតែមួយ គេនឹងយំខ្សឹកខ្សួលនឹងអ្នកនោះដូចជាយំនឹងកូនច្បងរបស់ខ្លួន