3 គ្រានោះ បើអ្នកណានឹងនៅតែទាយទៀត នោះទាំងឪពុកម្តាយដែលបានបង្កើតអ្នកនោះមក នឹងប្រាប់ថា ឯងមិនត្រូវរស់ទៀតទេ ពីព្រោះឯងពោលពាក្យកុហក ដោយនូវព្រះនាមព្រះយេហូវ៉ា ដូច្នេះ ឪពុកម្តាយដែលបានបង្កើតអ្នកនោះមក នឹងចាក់ទំលុះកូន ក្នុងកាលដែលទាយនោះ
4 នៅថ្ងៃនោះ ពួកហោរានឹងមានសេចក្ដីខ្មាសចំពោះការជាក់ស្តែងរបស់គេរៀងខ្លួន ក្នុងកាលដែលទាយនោះ គេនឹងមិនគ្រលុំខ្លួន ដោយអាវមានរោម ដើម្បីបញ្ឆោតមនុស្សទៀតទេ
5 គឺអ្នកនោះនឹងថា ខ្ញុំមិនមែនជាហោរាទេ ខ្ញុំជាអ្នកធ្វើស្រែវិញ ដ្បិតខ្ញុំបានជាប់ជាបាវគេតាំងពីក្មេងមក
6 នោះម្នាក់នឹងសួរថា ចុះតើរបួសអ្វីនុ៎ះនៅដៃអ្នក រួចអ្នកនោះនឹងឆ្លើយថា គឺយ៉ាងនេះដែលខ្ញុំត្រូវរបួស នៅក្នុងផ្ទះរបស់មិត្រសំឡាញ់ខ្ញុំ។
7 ព្រះយេហូវ៉ា នៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា ម្នាលដាវអើយ ចូរភ្ញាក់ឡើងទាស់ឡើងទាស់នឹងអ្នកគង្វាលរបស់អញ ហើយទាស់នឹងមនុស្សដែលជាគូកនអញចុះ ចូរវាយអ្នកគង្វាល នោះហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយទៅ រួចអញនឹងប្រែដៃទៅលើកូនតូចៗវិញ
8 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅសព្វគ្រប់ក្នុងស្រុកនោះ ២ភាគនឹងត្រូវកាត់ចេញហើយស្លាប់ទៅ តែភាគទី៣នឹងសល់នៅក្នុងស្រុកវិញ
9 ហើយអញនឹងនាំភាគទី៣នោះទៅក្នុងភ្លើង អញនឹងសំរងគេដូចជាសំរងប្រាក់ ព្រមទាំងសាកគេដូចជាសាកមាស គេនឹងអំពាវនាវដល់ឈ្មោះអញ ហើយអញនឹងស្តាប់គេ អញនឹងថា គេជារាស្ត្រអញ ឯគេនឹងថា ព្រះយេហូវ៉ាជាព្រះនៃខ្លួន។