12 ព្រះយេហូវ៉ានឹងវាយអស់ទាំងសាសន៍ ដែលបានច្បាំងនឹងក្រុងយេរូសាឡិម ដោយសេចក្ដីវេទនាយ៉ាងនេះ គឺសាច់គេនឹងរោយរៀវទៅ កំពុងដែលគេឈរនៅ ភ្នែកគេនឹងរោយរៀវទៅ នៅក្នុងរង្វង់ភ្នែក អណ្តាតគេនឹងរោយរៀវទៅ នៅក្នុងមាត់គេដែរ
13 នៅថ្ងៃនោះ នឹងមានការចលាចលជាធំ ដែលមានមកពីព្រះយេហូវ៉ា កើតឡើងនៅកណ្តាលគេ គ្រប់គ្នានឹងចាប់យកអ្នកជិតខាងខ្លួន ហើយនឹងលើកដៃឡើងទាស់នឹងអ្នកជិតខាងរៀងខ្លួន
14 ឯពួកយូដាគេនឹងច្បាំងត្រង់ក្រុងយេរូសាឡិម ហើយទ្រព្យសម្បត្តិនៃគ្រប់សាសន៍ជុំវិញ នឹងបានប្រមូលគ្នា គឺមាស ប្រាក់ និងសំលៀកបំពាក់យ៉ាងសន្ធឹក
15 ឯសេចក្ដីវេទនារបស់សេះ លាកាត់ អូដ្ឋ លា និងសត្វទាំងអស់ ដែលនៅក្នុងទីបោះទ័ព នឹងបានដូច្នោះដែរ គឺដូចជាអាសន្នរោគ។
16 រួចមក អស់អ្នកសល់នៅពីគ្រប់សាសន៍ដែលមកច្បាំងនឹងក្រុងយេរូសាឡិម គេនឹងឡើងមករាល់តែឆ្នាំ ដើម្បីថ្វាយបង្គំមហាក្សត្រ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ ក៏នឹងកាន់រក្សាបុណ្យបារាំ
17 ដូច្នេះ ក្នុងអស់ទាំងគ្រួសារនៅផែនដី បើមានណាដែលមិនឡើងទៅឯក្រុងយេរូសាឡិមដើម្បីថ្វាយបង្គំមហាក្សត្រ គឺព្រះយេហូវ៉ានៃពួកពលបរិវារទេ នោះនឹងគ្មានភ្លៀងធ្លាក់មកលើគេឡើយ
18 បើសាសន៍អេស៊ីព្ទមិនឡើងទៅ គឺមិនមកសោះ នោះនឹងគ្មានភ្លៀងធ្លាក់មកលើគេ ហើយនឹងមានសេចក្ដីវេទនា ដែលព្រះយេហូវ៉ា ទ្រង់នឹងប្រើវាយអស់ទាំងសាសន៍ ដែលមិនឡើងទៅធ្វើបុណ្យបារាំ