សាការី 14:13-19 KHOV

13 នៅ​ថ្ងៃ​នោះ នឹង​មាន​ការ​ចលាចល​ជា​ធំ ដែល​មាន​មក​ពី​ព្រះ‌យេហូវ៉ា កើត​ឡើង​នៅ​កណ្តាល​គេ គ្រប់​គ្នា​នឹង​ចាប់​យក​អ្នក​ជិត​ខាង​ខ្លួន ហើយ​នឹង​លើក​ដៃ​ឡើង​ទាស់​នឹង​អ្នក​ជិត​ខាង​រៀង​ខ្លួន

14 ឯ​ពួក​យូដា​គេ​នឹង​ច្បាំង​ត្រង់​ក្រុង​យេរូ‌សាឡិម ហើយ​ទ្រព្យ‌សម្បត្តិ​នៃ​គ្រប់​សាសន៍​ជុំវិញ នឹង​បាន​ប្រមូល​គ្នា គឺ​មាស ប្រាក់ និង​សំលៀក‌បំពាក់​យ៉ាង​សន្ធឹក

15 ឯ​សេចក្ដី​វេទនា​របស់​សេះ លា​កាត់ អូដ្ឋ លា និង​សត្វ​ទាំង​អស់ ដែល​នៅ​ក្នុង​ទី​បោះ​ទ័ព នឹង​បាន​ដូច្នោះ​ដែរ គឺ​ដូច​ជា​អាសន្ន‌រោគ។

16 រួច​មក អស់​អ្នក​សល់​នៅ​ពី​គ្រប់​សាសន៍​ដែល​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម គេ​នឹង​ឡើង​មក​រាល់​តែ​ឆ្នាំ ដើម្បី​ថ្វាយ‌បង្គំ​មហា‌ក្សត្រ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ក៏​នឹង​កាន់​រក្សា​បុណ្យ​បារាំ

17 ដូច្នេះ ក្នុង​អស់​ទាំង​គ្រួសារ​នៅ​ផែនដី បើ​មាន​ណា​ដែល​មិន​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​ដើម្បី​ថ្វាយ‌បង្គំ​មហា‌ក្សត្រ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទេ នោះ​នឹង​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​គេ​ឡើយ

18 បើ​សាសន៍​អេស៊ីព្ទ​មិន​ឡើង​ទៅ គឺ​មិន​មក​សោះ នោះ​នឹង​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​គេ ហើយ​នឹង​មាន​សេចក្ដី​វេទនា ដែល​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​ប្រើ​វាយ​អស់​ទាំង​សាសន៍ ដែល​មិន​ឡើង​ទៅ​ធ្វើ​បុណ្យ​បារាំ

19 នេះ​ហើយ​ជា​សេចក្ដី​វាយ‌ផ្ចាល ដល់​ពួក​សាសន៍​អេស៊ីព្ទ ហើយ​ជា​សេចក្ដី​វាយ‌ផ្ចាល ដល់​អស់​ទាំង​សាសន៍ ដែល​មិន​ឡើង​មក​ធ្វើ​បុណ្យ​បារាំ​នោះ។