14 ឯពួកយូដាគេនឹងច្បាំងត្រង់ក្រុងយេរូសាឡិម ហើយទ្រព្យសម្បត្តិនៃគ្រប់សាសន៍ជុំវិញ នឹងបានប្រមូលគ្នា គឺមាស ប្រាក់ និងសំលៀកបំពាក់យ៉ាងសន្ធឹក
15 ឯសេចក្ដីវេទនារបស់សេះ លាកាត់ អូដ្ឋ លា និងសត្វទាំងអស់ ដែលនៅក្នុងទីបោះទ័ព នឹងបានដូច្នោះដែរ គឺដូចជាអាសន្នរោគ។
16 រួចមក អស់អ្នកសល់នៅពីគ្រប់សាសន៍ដែលមកច្បាំងនឹងក្រុងយេរូសាឡិម គេនឹងឡើងមករាល់តែឆ្នាំ ដើម្បីថ្វាយបង្គំមហាក្សត្រ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ ក៏នឹងកាន់រក្សាបុណ្យបារាំ
17 ដូច្នេះ ក្នុងអស់ទាំងគ្រួសារនៅផែនដី បើមានណាដែលមិនឡើងទៅឯក្រុងយេរូសាឡិមដើម្បីថ្វាយបង្គំមហាក្សត្រ គឺព្រះយេហូវ៉ានៃពួកពលបរិវារទេ នោះនឹងគ្មានភ្លៀងធ្លាក់មកលើគេឡើយ
18 បើសាសន៍អេស៊ីព្ទមិនឡើងទៅ គឺមិនមកសោះ នោះនឹងគ្មានភ្លៀងធ្លាក់មកលើគេ ហើយនឹងមានសេចក្ដីវេទនា ដែលព្រះយេហូវ៉ា ទ្រង់នឹងប្រើវាយអស់ទាំងសាសន៍ ដែលមិនឡើងទៅធ្វើបុណ្យបារាំ
19 នេះហើយជាសេចក្ដីវាយផ្ចាល ដល់ពួកសាសន៍អេស៊ីព្ទ ហើយជាសេចក្ដីវាយផ្ចាល ដល់អស់ទាំងសាសន៍ ដែលមិនឡើងមកធ្វើបុណ្យបារាំនោះ។
20 នៅថ្ងៃនោះ នឹងមានសេចក្ដីចារឹកទុក នៅនាចង្ក្រង់សេះថា «បរិសុទ្ធដល់ព្រះយេហូវ៉ា» ហើយថ្លាងទាំងប៉ុន្មាននៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នឹងដូចជាចានដែលនៅមុខអាសនាដែរ