4 នៅថ្ងៃនោះ ព្រះបាទទ្រង់នឹងជាន់លើភ្នំដើមអូលីវ ដែលនៅប្រឈមនឹងក្រុងយេរូសាឡិមខាងកើត ហើយភ្នំដើមអូលីវនឹងត្រូវពុះញែកជា២ នៅចំពាក់កណ្តាល ពីទិសខាងកើតទៅទិសខាងលិច បង្កើតឲ្យមានចន្លោះយ៉ាងធំ ភ្នំមួយចំហៀងនឹងញែកទៅទិសខាងជើង ហើយ១ចំហៀងទៀតទៅទិសខាងត្បូង
5 នោះឯងរាល់គ្នានឹងរត់ទៅតាមចន្លោះភ្នំរបស់អញ ដ្បិតចន្លោះភ្នំនោះ នឹងរហូតទៅដល់អាសែល អើ ឯងរាល់គ្នានឹងរត់ ដូចបានរត់ពីការកក្រើកដី នៅក្នុងរាជ្យអូសៀស ជាស្តេចយូដា នោះព្រះយេហូវ៉ាជាព្រះនៃខ្ញុំ ទ្រង់នឹងយាងមក មានទាំងពួកបរិសុទ្ធទាំងអស់មកជាមួយ
6 នៅថ្ងៃនោះ ពន្លឺនឹងមិនភ្លឺច្បាស់ ឬងងឹតផង
7 គឺថ្ងៃនោះនឹងបានជាថ្ងៃ១ ដែលព្រះយេហូវ៉ាទ្រង់ស្គាល់ មិនមែនជាថ្ងៃ ក៏មិនមែនជាយប់ ប៉ុន្តែលុះដល់ពេលព្រលប់ នោះនឹងមានពន្លឺវិញ
8 នៅថ្ងៃនោះ នឹងមានទឹករស់ហូរចេញពីក្រុងយេរូសាឡិមទៅ ពាក់កណ្តាលនឹងហូរទៅឯសមុទ្រនៅទិសខាងកើត ហើយពាក់កណ្តាលនឹងហូរទៅឯសមុទ្រនៅទិសខាងលិច ទោះទាំងរដូវក្តៅ និងរដូវរងា ក៏នឹងមានដូច្នោះដែរ។
9 ឯព្រះយេហូវ៉ា ទ្រង់នឹងបានជាមហាក្សត្រលើផែនដីទាំងដុំមូល នៅថ្ងៃនោះ នឹងមានតែព្រះយេហូវ៉ាជាព្រះ១ព្រះអង្គ ហើយព្រះនាមទ្រង់នឹងមានតែ១ដែរ
10 ស្រុកទាំងមូលចាប់តាំងពីកេបា រហូតដល់រីម៉ូន ខាងត្បូងក្រុងយេរូសាឡិម នឹងត្រឡប់ទៅដូចជាស្រុកវាល នោះក្រុងយេរូសាឡិមនឹងបានដំកើងឡើង ហើយនឹងនៅកន្លែងធម្មតាចាប់តាំងពីទ្វារបេនយ៉ាមីន រហូតទៅដល់កន្លែងទ្វារដំបូង និងទ្វារជ្រុងកំផែង ហើយពីប៉មហាណានាល រហូតដល់ធុងឃ្នាបរបស់ស្តេច