6 នៅថ្ងៃនោះ ពន្លឺនឹងមិនភ្លឺច្បាស់ ឬងងឹតផង
7 គឺថ្ងៃនោះនឹងបានជាថ្ងៃ១ ដែលព្រះយេហូវ៉ាទ្រង់ស្គាល់ មិនមែនជាថ្ងៃ ក៏មិនមែនជាយប់ ប៉ុន្តែលុះដល់ពេលព្រលប់ នោះនឹងមានពន្លឺវិញ
8 នៅថ្ងៃនោះ នឹងមានទឹករស់ហូរចេញពីក្រុងយេរូសាឡិមទៅ ពាក់កណ្តាលនឹងហូរទៅឯសមុទ្រនៅទិសខាងកើត ហើយពាក់កណ្តាលនឹងហូរទៅឯសមុទ្រនៅទិសខាងលិច ទោះទាំងរដូវក្តៅ និងរដូវរងា ក៏នឹងមានដូច្នោះដែរ។
9 ឯព្រះយេហូវ៉ា ទ្រង់នឹងបានជាមហាក្សត្រលើផែនដីទាំងដុំមូល នៅថ្ងៃនោះ នឹងមានតែព្រះយេហូវ៉ាជាព្រះ១ព្រះអង្គ ហើយព្រះនាមទ្រង់នឹងមានតែ១ដែរ
10 ស្រុកទាំងមូលចាប់តាំងពីកេបា រហូតដល់រីម៉ូន ខាងត្បូងក្រុងយេរូសាឡិម នឹងត្រឡប់ទៅដូចជាស្រុកវាល នោះក្រុងយេរូសាឡិមនឹងបានដំកើងឡើង ហើយនឹងនៅកន្លែងធម្មតាចាប់តាំងពីទ្វារបេនយ៉ាមីន រហូតទៅដល់កន្លែងទ្វារដំបូង និងទ្វារជ្រុងកំផែង ហើយពីប៉មហាណានាល រហូតដល់ធុងឃ្នាបរបស់ស្តេច
11 ក៏នឹងមានមនុស្សអាស្រ័យនៅ ហើយនឹងគ្មានសេចក្ដីបណ្តាសាទៀត គឺក្រុងយេរូសាឡិមនឹងនៅដោយសុខសាន្តវិញ។
12 ព្រះយេហូវ៉ានឹងវាយអស់ទាំងសាសន៍ ដែលបានច្បាំងនឹងក្រុងយេរូសាឡិម ដោយសេចក្ដីវេទនាយ៉ាងនេះ គឺសាច់គេនឹងរោយរៀវទៅ កំពុងដែលគេឈរនៅ ភ្នែកគេនឹងរោយរៀវទៅ នៅក្នុងរង្វង់ភ្នែក អណ្តាតគេនឹងរោយរៀវទៅ នៅក្នុងមាត់គេដែរ