12 ហើយប្រាប់លោកថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលដូច្នេះ មើលមនុស្សដែលឈ្មោះថា «លំពង់» និងពន្លកដុះឡើងពីកន្លែងរបស់ខ្លួន ហើយនឹងសង់ព្រះវិហារនៃព្រះយេហូវ៉ាឡើង
13 គឺអ្នកនោះឯងនឹងសង់ព្រះវិហារនៃព្រះយេហូវ៉ា ហើយនឹងតាំងសិរីល្អនៃទីនោះឡើង ក៏នឹងអង្គុយគ្រប់គ្រងនៅលើបល្ល័ង្ករបស់ខ្លួន អ្នកនោះនឹងធ្វើជាសង្ឃនៅលើបល្ល័ង្ករបស់ខ្លួន ហើយទាំង២នាក់នឹងមានសេចក្ដីមេត្រីនឹងគ្នា
14 ឯមកុដនោះនឹងបានសំរាប់ហេលេម ថូប៊ីយ៉ា យេដាយ៉ា ហើយសំរាប់ហិន ជាកូនសេផានា ទុកជាទីរំឭក នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា
15 ចំណែកពួកអ្នកដែលនៅឆ្ងាយ គេនឹងមកជួយស្អាងព្រះវិហារនៃព្រះយេហូវ៉ាឡើងដែរ នោះឯងរាល់គ្នានឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បានចាត់ឲ្យអញមកឯឯង ហើយការនេះនឹងកើតមកមែន បើឯងរាល់គ្នាព្យាយាមស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯង។