សាការី 6:8-14 KHOV

8 នោះ​ទេវតា​ស្រែក​មក​ខ្ញុំ​ថា មើល សេះ​ដែល​ចេញ​ទៅ​ឯ​ស្រុក​នៅ​ទិស​ខាង​ជើង បាន​រំងាប់​ចិត្ត​អញ​ចំពោះ​ស្រុក​ខាង​ជើង​នោះ​ហើយ។

9 រួច​មក ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ថា

10 ចូរ​រៃ​យក​ពី​ពួក​អ្នក​ដែល​បាន​ជាប់​ជា​ឈ្លើយ គឺ​ត្រូវ​រៃ​យក ពី​ហេល‌ដាយ ពី​ថូប៊ីយ៉ា ហើយ​ពី​យេដាយ៉ា រួច​នៅ​ថ្ងៃ​ដដែល​នោះ ឲ្យ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​យ៉ូសៀស ជា​កូន​សេផានា ជា​កន្លែង​ដែល​គេ​ទើប​នឹង​មក​ពី​ក្រុង​បាប៊ីឡូន​ចូល​ទៅ​អាស្រ័យ​នៅ​នោះ

11 អើ ត្រូវ​ឲ្យ​ទទួល​យក​ប្រាក់ និង​មាស​ពី​គេ​ទៅ​ធ្វើ​មកុដ បំពាក់​លើ​ក្បាល​យេសួរ ជា​កូន​យ៉ូសាដាក​ដ៏​ជា​សំដេច​សង្ឃ

12 ហើយ​ប្រាប់​លោក​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល​មនុស្ស​ដែល​ឈ្មោះ​ថា «លំពង់» និង​ពន្លក​ដុះ​ឡើង​ពី​កន្លែង​របស់​ខ្លួន ហើយ​នឹង​សង់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឡើង

13 គឺ​អ្នក​នោះ​ឯង​នឹង​សង់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​នឹង​តាំង​សិរី‌ល្អ​នៃ​ទី​នោះ​ឡើង ក៏​នឹង​អង្គុយ​គ្រប់‌គ្រង​នៅ​លើ​បល្ល័ង្ក​របស់​ខ្លួន អ្នក​នោះ​នឹង​ធ្វើ​ជា​សង្ឃ​នៅ​លើ​បល្ល័ង្ក​របស់​ខ្លួន ហើយ​ទាំង​២​នាក់​នឹង​មាន​សេចក្ដី​មេត្រី​នឹង​គ្នា

14 ឯ​មកុដ​នោះ​នឹង​បាន​សំរាប់​ហេលេម ថូប៊ីយ៉ា យេដាយ៉ា ហើយ​សំរាប់​ហិន ជា​កូន​សេផានា ទុក​ជា​ទី​រំឭក នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា