1 លុះដល់ឆ្នាំទី៤ ក្នុងរាជ្យស្តេចដារីយុស នៅថ្ងៃ៤ខែទី៩ គឺជាខែមិគសិរ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់សាការី
2 គ្រានោះ ពួកអ្នកនៅបេត-អែលបានចាត់សារេស៊ើរ និងរេគេម-មែលេក ព្រមទាំងពួករបស់គេមកទូលអង្វរចំពោះព្រះយេហូវ៉ា
3 ហើយនឹងសួរដល់ពួកសង្ឃ នៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ និងដល់ពួកហោរាថា តើត្រូវឲ្យយើងខ្ញុំយំនៅខែស្រាពណ៍ ទាំងញែកខ្លួនចេញ ដូចជាបានធ្វើមកជាយូរឆ្នាំហើយឬ
4 នោះព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារក៏មកដល់ខ្ញុំថា
5 ចូរប្រាប់ដល់បណ្តាជននៅក្នុងស្រុក និងពួកសង្ឃថា កាលឯងរាល់គ្នាបានតមអត់ ហើយយំសោក នៅខែស្រាពណ៍ និងខែអស្សុជ ទាំង៧០ឆ្នាំមកហើយនេះ នោះតើបានតមអត់ដោយគោរពដល់អញឬ គឺដល់អញមែនឬអី
6 ហើយកាលណាឯងរាល់គ្នាស៊ី ឬកាលណាផឹក នោះតើមិនមែនស៊ី និងផឹក ជាប្រយោជន៍ដល់ខ្លួនទេឬ
7 តើមិនមែនជាសេចក្ដីនោះឯងទេឬ ដែលព្រះយេហូវ៉ាបានប្រកាសប្រាប់ ដោយសារពួកហោរាជាន់មុន ក្នុងកាលដែលក្រុងយេរូសាឡិមមានមនុស្សអាស្រ័យនៅៗឡើយ ហើយមានសេចក្ដីចំរើន ព្រមទាំងទីក្រុងនៅជុំវិញផង ហើយស្រុកត្បូង និងស្រុកទំនាបក៏មានមនុស្សអាស្រ័យនៅដែរ។