សាការី 8:13-19 KHOV

13 ឱ​ពួក​វង្ស​យូដា និង​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ពី​ដើម​ឯង​ជា​ទី​ផ្តាសា នៅ​កណ្តាល​អស់​ទាំង​សាសន៍​យ៉ាង​ណា នោះ​អញ​នឹង​ជួយ​សង្គ្រោះ​ឯង​រាល់​គ្នា​ឲ្យ​បាន​ជា​ពរ​វិញ​យ៉ាង​នោះ​ដែរ កុំ​ឲ្យ​ខ្លាច​ឡើយ ចូរ​ឲ្យ​មាន​កំឡាំង​ដៃ​វិញ​ចុះ។

14 ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កាល​ពួក​អយ្យកោ​ឯង​បាន​បណ្តាល​ឲ្យ​អញ​មាន​សេចក្ដី​ក្រោធ នោះ​អញ​បាន​គិត​នឹង​ធ្វើ​អាក្រក់​ដល់​ឯង​រាល់​គ្នា ឥត​ប្រែ​ចិត្ត​ឡើយ​ជា​យ៉ាង​ណា

15 សព្វ​ថ្ងៃ​នេះ អញ​គិត​ធ្វើ​ល្អ​ដល់​ក្រុង​យេរូ‌សាឡិម និង​ដល់​ពួក​វង្ស​យូដា​ក៏​យ៉ាង​នោះ​ដែរ កុំ​ឲ្យ​ខ្លាច​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

16 នេះ​ជា​ការ​ដែល​ឯង​រាល់​គ្នា​ត្រូវ​ធ្វើ គឺ​ត្រូវ​ឲ្យ​គ្រប់​គ្នា​និយាយ​សេចក្ដី​ពិត​នឹង​អ្នក​ជិត​ខាង​ខ្លួន ហើយ​ត្រូវ​ឲ្យ​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌​ដ៏​ពិត និង​សេចក្ដី​សុខ នៅ​ក្នុង​ទ្វារ​ក្រុង​របស់​ឯង​រាល់​គ្នា

17 កុំ​ឲ្យ​ពួក​ឯង​ណា​មួយ​គិត‌គូរ បង្កើត​ការ​អាក្រក់​ក្នុង​ចិត្ត​ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន​ឡើយ ក៏​កុំ​ឲ្យ​ចូល​ចិត្ត​នឹង​ពាក្យ​ស្បថ​កំភូត​ដែរ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​ស្អប់​អស់​ទាំង​អំពើ​យ៉ាង​នោះ​ណាស់។

18 ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ក៏​មក​ដល់​ខ្ញុំ​ថា

19 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឯ​ពេល​តម​អត់​ក្នុង​ខែ​អាសាធ ខែ​ស្រាពណ៍ ខែ​អស្សុជ ហើយ​នៅ​ខែ​បុស្ស នោះ​ត្រូវ​បាន​ជា​ពេល​រីក‌រាយ​សប្បាយ ហើយ​ជា​បុណ្យ​គ្រឹក‌គ្រេង​ដល់​ពួក​វង្ស​យូដា​វិញ ដូច្នេះ ចូរ​ស្រឡាញ់​សេចក្ដី​ពិត និង​សេចក្ដី​សុខ​ចុះ