15 សព្វថ្ងៃនេះ អញគិតធ្វើល្អដល់ក្រុងយេរូសាឡិម និងដល់ពួកវង្សយូដាក៏យ៉ាងនោះដែរ កុំឲ្យខ្លាចឡើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
16 នេះជាការដែលឯងរាល់គ្នាត្រូវធ្វើ គឺត្រូវឲ្យគ្រប់គ្នានិយាយសេចក្ដីពិតនឹងអ្នកជិតខាងខ្លួន ហើយត្រូវឲ្យសំរេចតាមសេចក្ដីយុត្តិធម៌ដ៏ពិត និងសេចក្ដីសុខ នៅក្នុងទ្វារក្រុងរបស់ឯងរាល់គ្នា
17 កុំឲ្យពួកឯងណាមួយគិតគូរ បង្កើតការអាក្រក់ក្នុងចិត្តទាស់នឹងអ្នកជិតខាងខ្លួនឡើយ ក៏កុំឲ្យចូលចិត្តនឹងពាក្យស្បថកំភូតដែរ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញស្អប់អស់ទាំងអំពើយ៉ាងនោះណាស់។
18 ព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារក៏មកដល់ខ្ញុំថា
19 ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះ ឯពេលតមអត់ក្នុងខែអាសាធ ខែស្រាពណ៍ ខែអស្សុជ ហើយនៅខែបុស្ស នោះត្រូវបានជាពេលរីករាយសប្បាយ ហើយជាបុណ្យគ្រឹកគ្រេងដល់ពួកវង្សយូដាវិញ ដូច្នេះ ចូរស្រឡាញ់សេចក្ដីពិត និងសេចក្ដីសុខចុះ
20 ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថានឹងនៅមានគ្រាទៀត ដែលសាសន៍ផ្សេងៗ ហើយមនុស្សនៅទីក្រុងជាច្រើននឹងមក
21 ពួកអ្នកនៅស្រុក១នឹងទៅឯស្រុក១ទៀតបបួលថា ចូរយើងប្រញាប់ឡើងទៅទូលអង្វរដល់ព្រះយេហូវ៉ា ហើយស្វែងរកព្រះយេហូវ៉ានៃពួកពលបរិវារចុះ ឯខ្ញុំក៏នឹងទៅដែរ