9 ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរឯងរាល់គ្នាមានកំឡាំងដៃចុះ គឺឯង ដែលសព្វថ្ងៃនេះ ឮពាក្យទាំងប៉ុន្មាន ពីមាត់ពួកហោរា ដែលបាននៅក្នុងគ្រាគេដាក់ឫសព្រះវិហាររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ដើម្បីឲ្យបានសង់ព្រះវិហារឡើង
10 ដ្បិតកាលមុនគ្រានោះគ្មានថ្លៃឈ្នួលដល់មនុស្ស ឬសត្វទេ ក៏គ្មានសេចក្ដីសុខដល់មនុស្ស ដែលចេញ ឬចូលផង ដោយព្រោះពួកខ្មាំងសត្រូវ ដ្បិតអញបានធ្វើឲ្យមនុស្សទាំងអស់ ទាស់ទទឹងនឹងអ្នកជិតខាងរៀងខ្លួន
11 តែព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា ឥឡូវនេះ អញនឹងមិនប្រព្រឹត្តនឹងសំណល់ជនជាតិនេះ ដូចកាលជាន់មុនទៀតទេ
12 ដ្បិតនឹងមានពូជនៃសេចក្ដីសុខ ឯដើមទំពាំងបាយជូរនឹងបង្កើតផល ហើយដីនឹងចំរើនផលដែរ ផ្ទៃមេឃក៏នឹងទំលាក់សន្សើមមក ហើយអញនឹងឲ្យសំណល់នៃជនជាតិនេះទទួលរបស់ទាំងនេះទុកជាមរដក
13 ឱពួកវង្សយូដា និងពួកវង្សអ៊ីស្រាអែលអើយ ពីដើមឯងជាទីផ្តាសា នៅកណ្តាលអស់ទាំងសាសន៍យ៉ាងណា នោះអញនឹងជួយសង្គ្រោះឯងរាល់គ្នាឲ្យបានជាពរវិញយ៉ាងនោះដែរ កុំឲ្យខ្លាចឡើយ ចូរឲ្យមានកំឡាំងដៃវិញចុះ។
14 ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា កាលពួកអយ្យកោឯងបានបណ្តាលឲ្យអញមានសេចក្ដីក្រោធ នោះអញបានគិតនឹងធ្វើអាក្រក់ដល់ឯងរាល់គ្នា ឥតប្រែចិត្តឡើយជាយ៉ាងណា
15 សព្វថ្ងៃនេះ អញគិតធ្វើល្អដល់ក្រុងយេរូសាឡិម និងដល់ពួកវង្សយូដាក៏យ៉ាងនោះដែរ កុំឲ្យខ្លាចឡើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ