សាការី 9:5-11 KHOV

5 ឯ​ក្រុង​អាស‌កា‌ឡូន ក៏​នឹង​ឃើញ​ដែរ ហើយ​នឹង​មាន​សេចក្ដី​ភ័យ ព្រម​ទាំង​ក្រុង​កាសា​ផង នោះ​គេ​នឹង​មាន​សេចក្ដី​ឈឺ​ចាប់​ជា​ខ្លាំង​នឹង​ក្រុង​អេក្រុន ដ្បិត​ទី​សង្ឃឹម​របស់​គេ​នឹង​ទៅ ជា​ទី​អាម៉ាស់​ខ្មាស​វិញ ឯ​ស្តេច​នឹង​វិនាស​បាត់​ពី​ក្រុង​កាសា ហើយ​ក្រុង​អាស‌កា‌ឡូន នឹង​ឥត​មាន​មនុស្ស​អាស្រ័យ​នៅ​ទៀត

6 នឹង​មាន​សុទ្ធ​តែ​ពួក​កូន​កាត់​នៅ​ក្នុង​ក្រុង​អាសដូឌ ហើយ​អញ​នឹង​បំផ្លាញ​សេចក្ដី​អំនួត​របស់​សាសន៍​ភីលីស្ទីន

7 អញ​នឹង​ដក​យក​ឈាម​ចេញ​ពី​មាត់​គេ ព្រម​ទាំង​សាច់​ដែល​គួរ​ស្អប់​ខ្ពើម ចេញ​ពី​កណ្តាល​ធ្មេញ​គេ​ដែរ នោះ​គេ​នឹង​បាន​សល់​នៅ​សំរាប់​គោរព​ដល់​ព្រះ​នៃ​យើង ហើយ​នឹង​បាន​ដូច​ជា​ចៅ‌ហ្វាយ​នៅ​ស្រុក​យូដា ឯ​ពួក​ក្រុង​អេក្រុន​នឹង​ដូច​ជា​ពួក​ក្រុង​យេប៊ូស​វិញ

8 អញ​នឹង​បោះ​ទ័ព​នៅ​ព័ទ្ធ​ជុំវិញ​វិហារ​របស់​អញ ទាស់​នឹង​ពល​ទ័ព ដើម្បី​មិន​ឲ្យ​មាន​គេ​ដើរ​កាត់ ឬ​វិល​មក​វិញ​ឡើយ និង​គ្មាន​ពួក​សង្កត់‌សង្កិន​ណា​ដើរ​កាត់​ពួក​គេ​ទៀត​ឡើយ ដ្បិត​ឥឡូវ​នេះ ភ្នែក​អញ​បាន​ឃើញ​ហើយ។

9 ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​រីក‌រាយ​ជា​ខ្លាំង​ឡើង ឱ​កូន​ស្រី​យេរូ‌សាឡិម​អើយ ចូរ​ស្រែក​ហ៊ោ​ចុះ មើល ស្តេច​របស់​នាង ទ្រង់​យាង​មក​ឯ​នាង ទ្រង់​ជា​អ្នក​សុចរិត ហើយ​មាន​ជ័យ‌ជំនះ ទ្រង់​ក៏​សុភាព ទ្រង់​គង់​លើ​សត្វ​លា គឺ​ជា​លា​ជំទង់ ជា​កូន​របស់​មេ​លា

10 អញ​នឹង​កាត់​រទេះ​ចំបាំង​ចេញ​ពី​ស្រុក​អេប្រា‌អិម និង​សេះ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ដែរ ឯ​ធ្នូ​ចំបាំង​នឹង​ត្រូវ​កាត់​ចេញ ហើយ​ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​ជា​សេចក្ដី​សន្តិ‌សុខ​ដល់​អស់​ទាំង​សាសន៍ ឯ​អំណាច​គ្រប់‌គ្រង​របស់​ទ្រង់ នឹង​បាន​ចាប់​តាំង​ពី​សមុទ្រ​ម្ខាង​ដល់​សមុទ្រ​ម្ខាង ហើយ​ពី​ទន្លេ​ធំ រហូត​ដល់​ចុង​ផែនដី​បំផុត។

11 ឯ​នាង​ដែរ អញ​បាន​លែង​ពួក​ជាប់​គុក​របស់​នាង ឲ្យ​រួច​ចេញ​ពី​រណ្តៅ​ដែល​គ្មាន​ទឹក ដោយ​ព្រោះ​ឈាម​នៃ​សេចក្ដី​សញ្ញា​របស់​ឯង