9 នៅថ្ងៃនោះ អញនឹងធ្វើទោសដល់ពួកអ្នកដែលលោតរំលងមេទ្វារ ហើយបំពេញផ្ទះរបស់ចៅហ្វាយគេ ដោយសេចក្ដីច្រឡោត និងសេចក្ដីឆបោក
10 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅថ្ងៃនោះ នឹងឮសូរសំរែកពីទ្វារត្រី និងសូរទ្រហោយំពីឃុំទី២ ហើយសូរគ្រាំគ្រេងពីភ្នំទាំងប៉ុន្មាន
11 ម្នាល ពួកអ្នកនៅម៉ាកថេសអើយ ចូរទ្រហោយំចុះ ពីព្រោះពួកធ្វើជំនួញទាំងប៉ុន្មានត្រូវបំផ្លាញ អស់អ្នកដែលផ្ទុកដោយប្រាក់បានត្រូវវិនាសហើយ
12 នៅគ្រានោះ អញនឹងឆែកឆេរក្រុងយេរូសាឡិមដោយពន្លឺចង្កៀង នោះអញនឹងធ្វើទោសដល់ពួកអ្នកដែលបានរងនៅលើកកររបស់គេ ជាពួកអ្នកដែលគិតក្នុងចិត្តថា ព្រះយេហូវ៉ានឹងមិនធ្វើ ទោះល្អឬអាក្រក់ផង
13 ទ្រព្យសម្បត្តិរបស់គេនឹងត្រូវរឹបជាន់ ហើយផ្ទះគេនឹងត្រូវចោលស្ងាត់ទទេ អើ គេនឹងសង់ផ្ទះ តែមិនបានអាស្រ័យនៅទេ គេនឹងដាំចំការទំពាំងបាយជូរ តែមិនបានផឹកអ្វីពីនោះឡើយ។
14 ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាជិតមកដល់ គឺបានមកជិតហើយ ក៏ប្រញឹកណាស់ដែរ គឺឮសូរថ្ងៃនៃព្រះយេហូវ៉ាហើយ វេលានោះ ពួកមនុស្សខ្លាំងពូកែ នឹងស្រែកឡើងយ៉ាងជូរចត់
15 ថ្ងៃនោះជាថ្ងៃនៃសេចក្ដីក្រោធ គឺជាថ្ងៃដ៏វេទនា ហើយមានទុក្ខ ជាថ្ងៃបំផ្លាញ ហើយរំលាង ជាថ្ងៃងងឹត ហើយស្រអាប់ ជាថ្ងៃមេឃមីរស្រទំ ហើយងងឹតយ៉ាងក្រាស់