សេផានា 2 KHOV

ចូរ​កែ​ប្រែ​ចិត្ត​គំនិត

1 ម្នាល នគរ​ឥត​ខ្មាស​អើយ ចូរ​មូល​គ្នា​មក អើ ចូរ​មូល​គ្នា

2 មុន​កំណត់​ដែល​ត្រូវ​សំរេច​តាម​ច្បាប់ គឺ​មុន​ដែល​ថ្ងៃ​នោះ​កន្លង​បាត់​ទៅ​ដូច​ជា​អង្កាម មុន​ដែល​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ព្រះ‌យេហូវ៉ា​មក​លើ​អ្នក​រាល់​គ្នា អើ​មុន​ដែល​ថ្ងៃ​មក​ដល់ ក្នុង​កាល​ដែល​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​មក​លើ​អ្នក​រាល់​គ្នា

3 អស់​អ្នក​រាបសា​នៅ​ផែនដី​ដែល​រក្សា​អស់​ទាំង​បញ្ញត្ត​ច្បាប់​របស់​ព្រះ‌យេហូវ៉ា​អើយ ចូរ​ស្វែង​រក​ទ្រង់ ចូរ​ស្វែង​រក​សេចក្ដី​សុចរិត ចូរ​ស្វែង​រក​សេចក្ដី​សុភាព​ចុះ ប្រហែល​ជា​អ្នក​រាល់​គ្នា​នឹង​បាន​បាំង​ទុក​នៅ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ទេ​ដឹង។

ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ជាតិ​សាសន៍​នានា ដែល​នៅ​ជុំវិញ​ស្រុក​អ៊ីស្រា‌អែល

4 ដ្បិត​ក្រុង​កាសា​នឹង​ត្រូវ​ស្ងាត់​ច្រៀប ហើយ​ក្រុង​អាស‌កា‌ឡូន​នឹង​ត្រូវ​ខូច​បង់ ឯ​ពួក​ក្រុង​អាសដូឌ នឹង​ត្រូវ​បណ្តេញ​ចេញ​ទៅ​ទាំង​ថ្ងៃ​ត្រង់ ហើយ​ក្រុង​អេក្រុន​នឹង​ត្រូវ​រំលើង​ទៅ​ដែរ

5 វេទនា​ដល់​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​តាម​ឆ្នេរ​សមុទ្រ ជា​សាសន៍​កេរេ‌ធីម​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ទាស់​នឹង​ឯង​រាល់​គ្នា ម្នាល​កាណាន ជា​ស្រុក​របស់​ពួក​ភីលីស្ទីន​អើយ អញ​នឹង​បំផ្លាញ​ឯង មិន​ឲ្យ​មាន​អ្នក​ណា​គង់​នៅ​ទៀត​ឡើយ

6 នោះ​ស្រុក​តាម​ឆ្នេរ​សមុទ្រ​នឹង​បាន​ជា​ទី​សំរាប់​ឃ្វាល​សត្វ មាន​ទាំង​ទី​លំនៅ​សំរាប់​ពួក​អ្នក​គង្វាល និង​ក្រោល​សំរាប់​ហ្វូង​ចៀម​ដែរ

7 ស្រុក​នោះ​នឹង​បាន​សំរាប់​សំណល់​នៃ​ពួក​វង្ស​យូដា គេ​នឹង​ឃ្វាល​ហ្វូង​សត្វ​របស់​គេ​នៅ​ទី​នោះ នៅ​ពេល​យប់ គេ​នឹង​ដេក​ក្នុង​ផ្ទះ​នៅ​ក្នុង​អាស‌កា‌ឡូន ពី​ព្រោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ​ទ្រង់​នឹង​ប្រោស​គេ ហើយ​នាំ​ពួក​គេ​ដែល​ជាប់​ជា​ឈ្លើយ​មក​វិញ។

8 អញ​បាន​ឮ​ពាក្យ​ដំនៀល​របស់​សាសន៍​ម៉ូអាប់ និង​ពាក្យ​ជេរ​ប្រមាថ​របស់​ពួក​កូន​ចៅ​អាំម៉ូន គឺ​ជា​ពាក្យ​ដែល​គេ​ត្មះ‌តិះដៀល​ដល់​រាស្ត្រ​អញ ហើយ​បាន​ដំកើង​ខ្លួន​គេ​ទាស់​នឹង​ព្រំ​ស្រុក​របស់​រាស្ត្រ​អញ​ផង

9 ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ ពិត​ប្រាកដ​ជា​ស្រុក​ម៉ូអាប់​នឹង​បាន​ដូច​ជា​ក្រុង​សូដុំម ហើយ​ពួក​កូន​ចៅ​អាំម៉ូន​នឹង​បាន​ដូច​ជា​ក្រុង​កូម៉ូរ៉ា​ដែរ គឺ​ជា​ទី​មាន​សុទ្ធ​តែ​ដើម​កន្ទេច‌អាល និង​អណ្តូង​អំបិល ជា​ទី​ខូច​បង់​នៅ​ជានិច្ច ឯ​សំណល់​នៃ​រាស្ត្រ​អញ នឹង​ប្លន់​គេ ហើយ​សំណល់​នៃ​នគរ​អញ នឹង​ចាប់​យក​គេ​ជា​មរដក

10 នេះ​ជា​សេចក្ដី​ដែល​នឹង​កើត​មាន​ដល់​គេ ដោយ​ព្រោះ​សេចក្ដី​អំនួត​របស់​គេ ពី​ព្រោះ​គេ​បាន​ត្មះ‌តិះដៀល ហើយ​ដំកើង​ខ្លួន ទាស់​នឹង​រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

11 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បាន​ជា​ទី​ស្ញែង​ខ្លាច​ដល់​គេ ដ្បិត​ទ្រង់​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​រូប​ព្រះ នៅ​ផែនដី​រៀវ​សូន្យ​ទៅ នោះ​មនុស្ស​ទាំង‌ឡាយ​នឹង​ថ្វាយ‌បង្គំ​ដល់​ទ្រង់​វិញ គ្រប់​គ្នា​នឹង​ថ្វាយ‌បង្គំ​នៅ​កន្លែង​របស់​ខ្លួន គឺ​អស់​ទាំង​កោះ​របស់​សាសន៍​ផ្សេងៗ​ផង។

12 ឯ​ឯង​រាល់​គ្នា ជា​សាសន៍​អេធីយ៉ូពី ក៏​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ​របស់​អញ​ដែរ

13 ទ្រង់​នឹង​លូក​ព្រះ‌ហស្ត​ទៅ​ទាស់​នឹង​ស្រុក​ខាង​ជើង​ដែរ គឺ​នឹង​បំផ្លាញ​ស្រុក​អាស‌ស៊ើរ ហើយ​ធ្វើ​ឲ្យ​ក្រុង​នីនីវេ​ខូច​បង់ ជា​ទី​ហួត‌ហែង ដូច​ជា​ទី​រហោ‌ស្ថាន

14 អស់​ទាំង​ហ្វូង​សត្វ​នឹង​ដេក​នៅ​កណ្តាល​នោះ ព្រម​ទាំង​សត្វ​គ្រប់​ពូជ​ទាំង​អស់ ទាំង​ស្មោញ និង​ខ្វែក នឹង​ទំ​លើ​ក្បាល​សសរ នឹង​ឮ​សំឡេង​វា​យំ​ត្រង់​អស់​ទាំង​បង្អួច ហើយ​នៅ​មាត់​ទ្វារ​ទាំង​ប៉ុន្មាន នោះ​សុទ្ធ​តែ​ខូច​បង់​ទទេ ដ្បិត​ឈើ​តាត្រៅ​ដែល​ស្រោប​ជញ្ជាំង​ត្រូវ​គាស់​បើក​ទាំង​អស់

15 នោះ​ហើយ ជា​ទី​ក្រុង​ដែល​តែង‌តែ​បាន​សប្បាយ ហើយ​ឥត​កង្វល់ ជា​ក្រុង​ដែល​រមែង​គិត​ក្នុង​ចិត្ត​ថា «មាន​តែ​អញ​ទេ ក្រៅ​ពី​អញ​គ្មាន​ទី​ក្រុង​ណា​សោះ» ទី​ក្រុង​នោះ​បាន​ត្រឡប់​ជា​ស្ងាត់​ច្រៀប ជា​ទី​សំរាប់​ឲ្យ​អស់​ទាំង​សត្វ​ដេក​ចុះ​យ៉ាង​ណា​ហ្ន៎ អស់​អ្នក​ណា​ដែល​ដើរ​តាម​ទី​នោះ នឹង​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ ហើយ​រា​ដៃ។

ជំពូក

1 2 3