1 ម្នាល នគរឥតខ្មាសអើយ ចូរមូលគ្នាមក អើ ចូរមូលគ្នា
2 មុនកំណត់ដែលត្រូវសំរេចតាមច្បាប់ គឺមុនដែលថ្ងៃនោះកន្លងបាត់ទៅដូចជាអង្កាម មុនដែលសេចក្ដីខ្ញាល់ដ៏សហ័សរបស់ព្រះយេហូវ៉ាមកលើអ្នករាល់គ្នា អើមុនដែលថ្ងៃមកដល់ ក្នុងកាលដែលសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាមកលើអ្នករាល់គ្នា
3 អស់អ្នករាបសានៅផែនដីដែលរក្សាអស់ទាំងបញ្ញត្តច្បាប់របស់ព្រះយេហូវ៉ាអើយ ចូរស្វែងរកទ្រង់ ចូរស្វែងរកសេចក្ដីសុចរិត ចូរស្វែងរកសេចក្ដីសុភាពចុះ ប្រហែលជាអ្នករាល់គ្នានឹងបានបាំងទុកនៅក្នុងថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាទេដឹង។
4 ដ្បិតក្រុងកាសានឹងត្រូវស្ងាត់ច្រៀប ហើយក្រុងអាសកាឡូននឹងត្រូវខូចបង់ ឯពួកក្រុងអាសដូឌ នឹងត្រូវបណ្តេញចេញទៅទាំងថ្ងៃត្រង់ ហើយក្រុងអេក្រុននឹងត្រូវរំលើងទៅដែរ
5 វេទនាដល់ពួកអ្នកដែលអាស្រ័យនៅតាមឆ្នេរសមុទ្រ ជាសាសន៍កេរេធីមនោះ ព្រះបន្ទូលនៃព្រះយេហូវ៉ាទាស់នឹងឯងរាល់គ្នា ម្នាលកាណាន ជាស្រុករបស់ពួកភីលីស្ទីនអើយ អញនឹងបំផ្លាញឯង មិនឲ្យមានអ្នកណាគង់នៅទៀតឡើយ
6 នោះស្រុកតាមឆ្នេរសមុទ្រនឹងបានជាទីសំរាប់ឃ្វាលសត្វ មានទាំងទីលំនៅសំរាប់ពួកអ្នកគង្វាល និងក្រោលសំរាប់ហ្វូងចៀមដែរ
7 ស្រុកនោះនឹងបានសំរាប់សំណល់នៃពួកវង្សយូដា គេនឹងឃ្វាលហ្វូងសត្វរបស់គេនៅទីនោះ នៅពេលយប់ គេនឹងដេកក្នុងផ្ទះនៅក្នុងអាសកាឡូន ពីព្រោះព្រះយេហូវ៉ា ជាព្រះនៃគេទ្រង់នឹងប្រោសគេ ហើយនាំពួកគេដែលជាប់ជាឈ្លើយមកវិញ។