3 អស់អ្នករាបសានៅផែនដីដែលរក្សាអស់ទាំងបញ្ញត្តច្បាប់របស់ព្រះយេហូវ៉ាអើយ ចូរស្វែងរកទ្រង់ ចូរស្វែងរកសេចក្ដីសុចរិត ចូរស្វែងរកសេចក្ដីសុភាពចុះ ប្រហែលជាអ្នករាល់គ្នានឹងបានបាំងទុកនៅក្នុងថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាទេដឹង។
4 ដ្បិតក្រុងកាសានឹងត្រូវស្ងាត់ច្រៀប ហើយក្រុងអាសកាឡូននឹងត្រូវខូចបង់ ឯពួកក្រុងអាសដូឌ នឹងត្រូវបណ្តេញចេញទៅទាំងថ្ងៃត្រង់ ហើយក្រុងអេក្រុននឹងត្រូវរំលើងទៅដែរ
5 វេទនាដល់ពួកអ្នកដែលអាស្រ័យនៅតាមឆ្នេរសមុទ្រ ជាសាសន៍កេរេធីមនោះ ព្រះបន្ទូលនៃព្រះយេហូវ៉ាទាស់នឹងឯងរាល់គ្នា ម្នាលកាណាន ជាស្រុករបស់ពួកភីលីស្ទីនអើយ អញនឹងបំផ្លាញឯង មិនឲ្យមានអ្នកណាគង់នៅទៀតឡើយ
6 នោះស្រុកតាមឆ្នេរសមុទ្រនឹងបានជាទីសំរាប់ឃ្វាលសត្វ មានទាំងទីលំនៅសំរាប់ពួកអ្នកគង្វាល និងក្រោលសំរាប់ហ្វូងចៀមដែរ
7 ស្រុកនោះនឹងបានសំរាប់សំណល់នៃពួកវង្សយូដា គេនឹងឃ្វាលហ្វូងសត្វរបស់គេនៅទីនោះ នៅពេលយប់ គេនឹងដេកក្នុងផ្ទះនៅក្នុងអាសកាឡូន ពីព្រោះព្រះយេហូវ៉ា ជាព្រះនៃគេទ្រង់នឹងប្រោសគេ ហើយនាំពួកគេដែលជាប់ជាឈ្លើយមកវិញ។
8 អញបានឮពាក្យដំនៀលរបស់សាសន៍ម៉ូអាប់ និងពាក្យជេរប្រមាថរបស់ពួកកូនចៅអាំម៉ូន គឺជាពាក្យដែលគេត្មះតិះដៀលដល់រាស្ត្រអញ ហើយបានដំកើងខ្លួនគេទាស់នឹងព្រំស្រុករបស់រាស្ត្រអញផង
9 ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់ស្បថថា ដូចជាអញរស់នៅ ពិតប្រាកដជាស្រុកម៉ូអាប់នឹងបានដូចជាក្រុងសូដុំម ហើយពួកកូនចៅអាំម៉ូននឹងបានដូចជាក្រុងកូម៉ូរ៉ាដែរ គឺជាទីមានសុទ្ធតែដើមកន្ទេចអាល និងអណ្តូងអំបិល ជាទីខូចបង់នៅជានិច្ច ឯសំណល់នៃរាស្ត្រអញ នឹងប្លន់គេ ហើយសំណល់នៃនគរអញ នឹងចាប់យកគេជាមរដក