សេផានា 2:4-10 KHOV

4 ដ្បិត​ក្រុង​កាសា​នឹង​ត្រូវ​ស្ងាត់​ច្រៀប ហើយ​ក្រុង​អាស‌កា‌ឡូន​នឹង​ត្រូវ​ខូច​បង់ ឯ​ពួក​ក្រុង​អាសដូឌ នឹង​ត្រូវ​បណ្តេញ​ចេញ​ទៅ​ទាំង​ថ្ងៃ​ត្រង់ ហើយ​ក្រុង​អេក្រុន​នឹង​ត្រូវ​រំលើង​ទៅ​ដែរ

5 វេទនា​ដល់​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​តាម​ឆ្នេរ​សមុទ្រ ជា​សាសន៍​កេរេ‌ធីម​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ទាស់​នឹង​ឯង​រាល់​គ្នា ម្នាល​កាណាន ជា​ស្រុក​របស់​ពួក​ភីលីស្ទីន​អើយ អញ​នឹង​បំផ្លាញ​ឯង មិន​ឲ្យ​មាន​អ្នក​ណា​គង់​នៅ​ទៀត​ឡើយ

6 នោះ​ស្រុក​តាម​ឆ្នេរ​សមុទ្រ​នឹង​បាន​ជា​ទី​សំរាប់​ឃ្វាល​សត្វ មាន​ទាំង​ទី​លំនៅ​សំរាប់​ពួក​អ្នក​គង្វាល និង​ក្រោល​សំរាប់​ហ្វូង​ចៀម​ដែរ

7 ស្រុក​នោះ​នឹង​បាន​សំរាប់​សំណល់​នៃ​ពួក​វង្ស​យូដា គេ​នឹង​ឃ្វាល​ហ្វូង​សត្វ​របស់​គេ​នៅ​ទី​នោះ នៅ​ពេល​យប់ គេ​នឹង​ដេក​ក្នុង​ផ្ទះ​នៅ​ក្នុង​អាស‌កា‌ឡូន ពី​ព្រោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ​ទ្រង់​នឹង​ប្រោស​គេ ហើយ​នាំ​ពួក​គេ​ដែល​ជាប់​ជា​ឈ្លើយ​មក​វិញ។

8 អញ​បាន​ឮ​ពាក្យ​ដំនៀល​របស់​សាសន៍​ម៉ូអាប់ និង​ពាក្យ​ជេរ​ប្រមាថ​របស់​ពួក​កូន​ចៅ​អាំម៉ូន គឺ​ជា​ពាក្យ​ដែល​គេ​ត្មះ‌តិះដៀល​ដល់​រាស្ត្រ​អញ ហើយ​បាន​ដំកើង​ខ្លួន​គេ​ទាស់​នឹង​ព្រំ​ស្រុក​របស់​រាស្ត្រ​អញ​ផង

9 ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ ពិត​ប្រាកដ​ជា​ស្រុក​ម៉ូអាប់​នឹង​បាន​ដូច​ជា​ក្រុង​សូដុំម ហើយ​ពួក​កូន​ចៅ​អាំម៉ូន​នឹង​បាន​ដូច​ជា​ក្រុង​កូម៉ូរ៉ា​ដែរ គឺ​ជា​ទី​មាន​សុទ្ធ​តែ​ដើម​កន្ទេច‌អាល និង​អណ្តូង​អំបិល ជា​ទី​ខូច​បង់​នៅ​ជានិច្ច ឯ​សំណល់​នៃ​រាស្ត្រ​អញ នឹង​ប្លន់​គេ ហើយ​សំណល់​នៃ​នគរ​អញ នឹង​ចាប់​យក​គេ​ជា​មរដក

10 នេះ​ជា​សេចក្ដី​ដែល​នឹង​កើត​មាន​ដល់​គេ ដោយ​ព្រោះ​សេចក្ដី​អំនួត​របស់​គេ ពី​ព្រោះ​គេ​បាន​ត្មះ‌តិះដៀល ហើយ​ដំកើង​ខ្លួន ទាស់​នឹង​រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ