សេផានា 3:14-20 KHOV

14 ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ច្រៀង​ឡើង ឱ​អ៊ីស្រា‌អែល​អើយ ចូរ​ស្រែក​ឡើង​ចុះ ឱ​កូន​ស្រី​យេរូ‌សាឡិម​អើយ ចូរ​អរ​សប្បាយ ហើយ​រីក‌រាយ​ឲ្យ​អស់​អំពី​ចិត្ត​ទៅ

15 ព្រះ‌យេហូវ៉ា ទ្រង់​បាន​លើក​ទោស​ឯង​ចោល ទ្រង់​បាន​បោះ​ខ្មាំង​សត្រូវ​របស់​ឯង​ចេញ​ហើយ ឯ​ស្តេច​នៃ​សាសន៍​អ៊ីស្រា‌អែល គឺ​ព្រះ‌យេហូវ៉ា ទ្រង់​គង់​នៅ​កណ្តាល​ឯង ឯង​មិន​ត្រូវ​រង​ការ​អាក្រក់​ទៀត​ឡើយ

16 នៅ​ថ្ងៃ​នោះ​នឹង​មាន​ពាក្យ​ពោល​ដល់​ក្រុង​យេរូ‌សាឡិម​ថា កុំ​ឲ្យ​ខ្លាច​ឡើយ ឱ​ស៊ីយ៉ូន​អើយ កុំ​ឲ្យ​ដៃ​ឯង​អន់‌ថយ​ឲ្យ​សោះ

17 ព្រះ‌យេហូវ៉ា ដ៏​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​នៅ​កណ្តាល​ឯង ទ្រង់​ជា​ព្រះ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ ដើម្បី​ជួយ​សង្គ្រោះ ទ្រង់​នឹង​មាន​សេចក្ដី​រីក‌រាយ​អរ​សប្បាយ​ចំពោះ​ឯង ទ្រង់​នឹង​សំរាក​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ក៏​នឹង​អរ​សប្បាយ​នឹង​ឯង ដោយ​សំឡេង​ច្រៀង

18 អញ​នឹង​ប្រមូល​អស់​អ្នក ក្នុង​ពួក​ឯង ដែល​ស្តាយ​ជំនុំ​មុត‌មាំ ជា​ពួក​អ្នក​ដែល​សេចក្ដី​ដំនៀល​នោះ បាន​សង្កត់‌សង្កិន​លើ

19 មើល នៅ​គ្រា​នោះ អញ​នឹង​ធ្វើ​ទោស​ដល់​អស់​ពួក​អ្នក​ដែល​ធ្វើ​ទុក្ខ​ឯង អញ​នឹង​ជួយ​សង្គ្រោះ​ណា​ដែល​ខ្វិន ហើយ​នឹង​ប្រមូល​ណា​ដែល​ត្រូវ​បណ្តេញ​ឲ្យ​មក​វិញ រួច​អញ​នឹង​តាំង​គេ​ដែល​ពី​ដើម​មាន​សេចក្ដី​ខ្មាស​នៅ​ពេញ​លើ​ផែនដី ឲ្យ​ឡើង​ជា​ទី​សរសើរ និង​ជា​កិត្តិសព្ទ​វិញ

20 នៅ​គ្រា​នោះ អញ​នឹង​នាំ​ឯង​រាល់​គ្នា​ចូល​មក ហើយ​នៅ​គ្រា​នោះ អញ​នឹង​ប្រមូល​ឯង​ឲ្យ​មូល​គ្នា ដ្បិត​អញ​នឹង​លើក​ឯង​រាល់​គ្នា​ឲ្យ​មាន​ឈ្មោះ ហើយ​ឲ្យ​ជា​ទី​សរសើរ នៅ​កណ្តាល​អស់​ទាំង​សាសន៍​នៅ​ផែនដី គឺ​ក្នុង​កាល​ដែល​អញ​នាំ​ពួក​ឯង​ដែល​ជាប់​ជា​ឈ្លើយ​មក​វិញ នៅ​ចំពោះ​ភ្នែក​ឯង​រាល់​គ្នា នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។:៚