6 អញបានធ្វើឲ្យនគរផ្សេងៗវិនាសទៅ កំផែងរបស់គេត្រូវរលំចុះ អញបានធ្វើឲ្យផ្លូវគេខូចបង់ ដល់ម៉្លេះបានជាគ្មានអ្នកណាដើរតាមនោះទៀតឡើយ ទីក្រុងរបស់គេបានត្រូវបំផ្លាញ ដល់ម៉្លេះបានជាគ្មានមនុស្សសោះ គឺគ្មានអ្នកណាអាស្រ័យនៅទេ
7 អញបានប្រាប់ថា ឲ្យគ្រាន់តែកោតខ្លាចដល់អញ ហើយទទួលសេចក្ដីប្រៀនប្រដៅចុះ នោះទីលំនៅរបស់គេមិនត្រូវកាត់ចេញ តាមគ្រប់អស់ទាំងសេចក្ដីដែលអញបានដំរូវដល់គេនោះឡើយ តែគេបានក្រោកឡើងពីព្រលឹមស្រាង ដើម្បីបង្ខូចអស់ទាំងកិរិយារបស់ខ្លួនវិញ។
8 ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចូរឯងរាល់គ្នារង់ចាំ ដរាបដល់ថ្ងៃដែលអញក្រោកឡើងសង្គ្រុបលើគេ ពីព្រោះអញបានគិតសំរេច នឹងប្រមូលអស់ទាំងសាសន៍ ដើម្បីនឹងភ្ជុំនគរទាំងប៉ុន្មាន ប្រយោជន៍នឹងចាក់សេចក្ដីគ្នាន់ក្នាញ់របស់អញ គឺជាសេចក្ដីក្រេវក្រោធដ៏សហ័សរបស់អញទៅលើគេ ដ្បិតផែនដីទាំងមូលនឹងត្រូវឆេះ ដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់អញ។
9 នៅគ្រានោះ អញនឹងឲ្យជនជាតិទាំងឡាយ មានបបូរមាត់ស្អាត ដើម្បីឲ្យគេបានអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាទាំងអស់គ្នា ហើយព្រមចិត្តគ្នានឹងគោរពដល់ទ្រង់
10 ពួកថ្វាយបង្គំអញ គឺកូនស្រីនៃពួកអញដែលត្រូវខ្ចាត់ខ្ចាយ គេនឹងនាំយកដង្វាយពីខាងនាយអស់ទាំងទន្លេស្រុកអេធីយ៉ូពី មកថ្វាយអញ
11 នៅថ្ងៃនោះ ឯងមិនត្រូវខ្មាសដោយព្រោះអស់ទាំងកិរិយា ដែលឯងបានធ្វើ គឺជាការដែលឯងបានរំលងទាស់នឹងអញទៀតនោះឡើយ ដ្បិតនៅគ្រានោះ អញនឹងដកយកពួកអ្នកដែលអួតអាង ដោយឆ្មើងឆ្មៃ ចេញពីកណ្តាលឯងទៅ នោះឯងនឹងលែងមានចិត្តអំនួត នៅលើភ្នំបរិសុទ្ធរបស់អញតទៅ
12 តែអញនឹងទុកជនមួយពួកដែលវេទនា ហើយកំសត់ទុគ៌តនៅកណ្តាលឯង ឯពួកនោះ គេនឹងពឹងដល់ព្រះនាមនៃព្រះយេហូវ៉ា