8 ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចូរឯងរាល់គ្នារង់ចាំ ដរាបដល់ថ្ងៃដែលអញក្រោកឡើងសង្គ្រុបលើគេ ពីព្រោះអញបានគិតសំរេច នឹងប្រមូលអស់ទាំងសាសន៍ ដើម្បីនឹងភ្ជុំនគរទាំងប៉ុន្មាន ប្រយោជន៍នឹងចាក់សេចក្ដីគ្នាន់ក្នាញ់របស់អញ គឺជាសេចក្ដីក្រេវក្រោធដ៏សហ័សរបស់អញទៅលើគេ ដ្បិតផែនដីទាំងមូលនឹងត្រូវឆេះ ដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់អញ។
9 នៅគ្រានោះ អញនឹងឲ្យជនជាតិទាំងឡាយ មានបបូរមាត់ស្អាត ដើម្បីឲ្យគេបានអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាទាំងអស់គ្នា ហើយព្រមចិត្តគ្នានឹងគោរពដល់ទ្រង់
10 ពួកថ្វាយបង្គំអញ គឺកូនស្រីនៃពួកអញដែលត្រូវខ្ចាត់ខ្ចាយ គេនឹងនាំយកដង្វាយពីខាងនាយអស់ទាំងទន្លេស្រុកអេធីយ៉ូពី មកថ្វាយអញ
11 នៅថ្ងៃនោះ ឯងមិនត្រូវខ្មាសដោយព្រោះអស់ទាំងកិរិយា ដែលឯងបានធ្វើ គឺជាការដែលឯងបានរំលងទាស់នឹងអញទៀតនោះឡើយ ដ្បិតនៅគ្រានោះ អញនឹងដកយកពួកអ្នកដែលអួតអាង ដោយឆ្មើងឆ្មៃ ចេញពីកណ្តាលឯងទៅ នោះឯងនឹងលែងមានចិត្តអំនួត នៅលើភ្នំបរិសុទ្ធរបស់អញតទៅ
12 តែអញនឹងទុកជនមួយពួកដែលវេទនា ហើយកំសត់ទុគ៌តនៅកណ្តាលឯង ឯពួកនោះ គេនឹងពឹងដល់ព្រះនាមនៃព្រះយេហូវ៉ា
13 ពួកសំណល់នៃអ៊ីស្រាអែល នឹងមិនប្រព្រឹត្តអំពើទុច្ចរិត ឬពោលកុហកទៀតឡើយ ក៏នឹងឥតឃើញមានអណ្តាតឆបោកនៅក្នុងមាត់គេដែរ ដ្បិតគេនឹងរកស៊ី ហើយដេកចុះ ឥតមានអ្នកណាបំភ័យគេឡើយ។
14 ឱកូនស្រីស៊ីយ៉ូនអើយ ចូរច្រៀងឡើង ឱអ៊ីស្រាអែលអើយ ចូរស្រែកឡើងចុះ ឱកូនស្រីយេរូសាឡិមអើយ ចូរអរសប្បាយ ហើយរីករាយឲ្យអស់អំពីចិត្តទៅ