2 គាត់ពោលថា ព្រះយេហូវ៉ាទ្រង់នឹងស្រែកគ្រហឹមពីស៊ីយ៉ូន ហើយបញ្ចេញព្រះសូរសៀងពីក្រុងយេរូសាឡិមមក នោះទីវាលស្មៅរបស់ពួកអ្នកគង្វាលនឹងសៅសោក ហើយកំពូលភ្នំកើមែលនឹងហែងទៅ។
3 ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ក្រុងដាម៉ាស អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានបញ្ជាន់ស្រុកកាឡាត ដោយគ្រឿងបញ្ជាន់ធ្វើពីដែក
4 អញនឹងចាត់ប្រើភ្លើង ឲ្យចូលទៅក្នុងផ្ទះរបស់ហាសែល ភ្លើងនោះនឹងឆេះដំណាក់របស់បេន-ហាដាឌទៅ
5 អញនឹងបំបាក់រនុកទ្វាររបស់ក្រុងដាម៉ាស ហើយកាត់ពួកអ្នកនៅច្រកភ្នំអាវេនចេញ ព្រមទាំងអ្នកដែលកាន់ដំបងរាជ្យរបស់បេត-អេដែនផង នោះពួកសាសន៍ស៊ីរីនឹងត្រូវទៅជាឈ្លើយដល់ស្រុកគារ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
6 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ក្រុងកាសា អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានកៀរយកពួកឈ្លើយទាំងអស់ ដើម្បីប្រគល់ដល់សាសន៍អេដំម
7 អញនឹងចាត់ប្រើភ្លើងឲ្យទៅលើកំផែងនៃក្រុងកាសា ភ្លើងនោះនឹងឆេះដំណាក់របស់គេអស់ទៅ
8 អញនឹងកាត់ពួកអ្នកនៅក្រុងអាសដូឌចេញ ព្រមទាំងអ្នកដែលកាន់ដំបងរាជ្យនៃក្រុងអាសកាឡូនផង អញក៏នឹងបែរដៃទៅទាស់នឹងក្រុងអេក្រុនដែរ នោះសំណល់នៃពួកភីលីស្ទីននឹងត្រូវវិនាសបង់ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។