6 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ក្រុងកាសា អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានកៀរយកពួកឈ្លើយទាំងអស់ ដើម្បីប្រគល់ដល់សាសន៍អេដំម
7 អញនឹងចាត់ប្រើភ្លើងឲ្យទៅលើកំផែងនៃក្រុងកាសា ភ្លើងនោះនឹងឆេះដំណាក់របស់គេអស់ទៅ
8 អញនឹងកាត់ពួកអ្នកនៅក្រុងអាសដូឌចេញ ព្រមទាំងអ្នកដែលកាន់ដំបងរាជ្យនៃក្រុងអាសកាឡូនផង អញក៏នឹងបែរដៃទៅទាស់នឹងក្រុងអេក្រុនដែរ នោះសំណល់នៃពួកភីលីស្ទីននឹងត្រូវវិនាសបង់ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
9 ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ក្រុងទីរ៉ុស អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានប្រគល់ពួកឈ្លើយទាំងអស់ដល់សាសន៍អេដំម ឥតនឹកចាំសេចក្តីសញ្ញាជាបងប្អូននឹងគ្នាសោះ
10 អញនឹងចាត់ប្រើភ្លើង ឲ្យទៅលើកំផែងនៃក្រុងទីរ៉ុស ភ្លើងនោះនឹងឆេះដំណាក់របស់គេអស់ទៅ។
11 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់សាសន៍អេដំម អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានកាន់ដាវ ដេញតាមបងប្អូនខ្លួន ព្រមទាំងសង្កត់រំលត់សេចក្តីមេត្តាប្រណីរបស់ខ្លួនផង ឯសេចក្តីកំហឹងរបស់គេបានចេះតែហែកហួរជានិច្ច ក៏រក្សាសេចក្តីក្រោធទុកនៅដរាប
12 អញនឹងចាត់ប្រើភ្លើងឲ្យទៅលើក្រុងថេម៉ាន ភ្លើងនោះឆេះដំណាក់របស់ក្រុងបុសរ៉ាអស់ទៅ។