1 ឱពួកកូនចៅអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនេះ ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលទាស់នឹងឯងរាល់គ្នា គឺទាស់នឹងគ្រួទាំងមូល ដែលអញបាននាំឡើងចេញពីស្រុកអេស៊ីព្ទមក គឺថា
2 ក្នុងអស់ទាំងគ្រួនៅផែនដី អញបានស្គាល់តែឯងរាល់គ្នាទេ ដូច្នេះ អញនឹងធ្វើទោសដល់ឯងរាល់គ្នា ដោយព្រោះអំពើទុច្ចរិតទាំងប៉ុន្មានរបស់ឯង
3 បើមនុស្ស២នាក់មិនព្រមចិត្តគ្នា នោះតើនឹងដើរជា១គ្នាបានឬ
4 ឯសិង្ហ នឹងស្រែកគ្រហឹមនៅក្នុងព្រៃ ក្នុងកាលដែលមិនទាន់ចាប់រំពាឬ បើសិង្ហស្ទាវមិនបានចាប់អ្វីសោះ តើនឹងស្រែកនៅក្នុងរូងវាដែរឬ
5 នៅកន្លែងដែលឥតមានដាក់ខ្សែរូត នោះសត្វហើរអាចនឹងធ្លាក់ទៅជាប់ក្នុងអន្ទាក់បានឬ តើអន្ទាក់នឹងវាត់ឡើងពីដី ឥតមានជាប់អ្វីឬទេ
6 តើនឹងផ្លុំត្រែនៅក្នុងក្រុង ឥតធ្វើឲ្យបណ្តាជនក្តុកចិត្តបានឬ តើនឹងមានអន្តរាយកើតដល់ទីក្រុងណា ឥតព្រះយេហូវ៉ាធ្វើដែរឬទេ
7 ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់នឹងមិនធ្វើអ្វីដូច្នោះឡើយ លើកតែទ្រង់សំដែង ឲ្យពួកហោរា ជាអ្នកបំរើទ្រង់ ឃើញគំនិតលាក់កំបាំងរបស់ទ្រង់ផង